
ម្ចាស់ក្លិបបាល់ទាត់ Liverpool បានបដិសេធរឿងលក់ក្លិប បើទោះបីជាកាលពីថ្មីៗនេះ ឪពុកលោក Elon Musk មហាសេដ្ឋីមានបំផុតលើពិភពលោកបានអះអាងថា កូនប្រុសលោកចង់ទិញយកក្លិបរហស្សនាម ហង្សក្រហម មួយនេះយ៉ាងណាក៏ដោយ។
រឿងដ៏ភ្ញាក់ផ្អើលមួយបានកើតឡើងក្នុងពិភពបាល់ទាត់ ជាពិសេសនៅចក្រភពអង់គ្លេស បន្ទាប់ពីឪពុកលោក Elon Musk លោក Errol Musk បានបង្ហើបថា កូនប្រុសលោកចង់ទិញយកក្លិប Liverpool ពីក្រុមហ៊ុន Fenway Sports Group ប៉ុន្តែកាសែត The Times បានអះអាងថា ម្ចាស់ក្រុមហ៊ុន Tesla និងបណ្តាញសង្គម X មិនទាន់ធ្វើការទាក់ទងផ្លូវការណាមួយជាមួយក្រុមហ៊ុនកីឡារបស់សហរដ្ឋអាមេរិកមួយនេះនៅឡើយទេ។
លោក Elon Musk មានទ្រព្យសម្បត្តិសរុបប្រមាណ ៤២៤.៦ពាន់លានដុល្លារ និងកំពុងតែបន្តឈរជាមហាសេដ្ឋីមានជាងគេបំផុតនៅលើពិភពលោក។ ទោះយ៉ាងណា ក្រុមហ៊ុន Fenway Sports Group ម្ចាស់ក្លិប Liverpool បានលក់ភាគហ៊ុនភាគតិចរបស់ខ្លួនទៅអោយក្រុមហ៊ុនវិនិយោគអាមេរិកមួយទៀត Dynasty Equity កាលពីខែកញ្ញា ឆ្នាំ ២០២៣ ដូច្នេះហាក់បីដូចជា ពួកគេនឹងមិនទទួលយកសំណើណាមួយពីលោក Elon Musk នោះទេ បើទោះជាលទ្ធភាពមហាសេដ្ឋីសញ្ជាតិអាមេរិកវ័យ៥៣ឆ្នាំរូបនេះ បានបង្ហាញពួកគេជាមួយការផ្តល់ជូនដ៏ច្រើនសន្ធឹកសន្ធាប់យ៉ាងណាក៏ដោយ។ យ៉ាងណាមិញ ក្រោយមានព័ត៌មានការចង់ទិញក្លិប Liverpool ពីលោក Elon Musk ទីភ្នាក់សារព័ត៌មាន AP ធ្វើការទាក់ទងសុំការបញ្ជាក់ជុំវិញរឿងនេះ ហើយអ្នកនាំពាក្យក្រុមហ៊ុន Fenway Sports Group បានបញ្ជាក់ថា គ្មានការពិតទេ៕