×

ខ្សែប្រយុទ្ធ Enes Unal របស់ Bournemouth នឹងអវត្តមានមួយរយៈព្រោះរបួសពេលហ្វឹកហាត់

ក្លិប AFC Bournemouth បានបញ្ជាក់ជាផ្លូវការណ៍ថា ខ្សែប្រយុទ្ធ Enes Unal បានរងរបួសសរសៃពួរជង្គង់ស្តាំអំឡុងពេលហ្វឹកហាត់។

កីឡាករសញ្ជាតិតួកគី វ័យ ២៧ ឆ្នាំបានចុះហត្ថលេខាចូលរួមជាមួយក្លិប Bournemouth ពីក្លិបGetafe ក្នុងកិច្ចសន្យារយៈពេល ៤ ឆ្នាំកាលពីរដូវក្តៅមុន ក្រោយលេងខ្ចីជើងកំលុងខែមករាដើមឆ្នាំ២០២៤កន្លងទៅ។

Unal បង្ហាញខ្លួនបាន១៧ប្រកួតក្នុងរដូវកាលនេះ និងស៊ុតបញ្ចូលទីបាន ២ គ្រាប់មុនពេលរងរបួសក្នុងការហ្វឹកហាត់។

នៅមិនទាន់មានលទ្ធផលផ្លូវការណ៍ណាមួយដែលបង្ហាញថា រូបគេនិងអវត្តមានប៉ុន្មានសប្តាហ៍នោះឡើយ ខណៈខ្សែប្រយុទ្ធសំខាន់មួយរូបទៀតគឺ Evanilson ដែលជាកីឡាករកំណត់ត្រារបស់ Bournemouth ទើបតែបានវះកាត់ជើងដែលបានបាក់របស់គេ។

នេះជាលើកទី២ហើយដែល Unal ប្រឈមមុខនឹងការសម្រាករយៈពេលយូរជាមួយនឹងរបួសធ្ងន់ធ្ងរ ខណៈកន្លងទៅរូបគេធ្លាប់មានបញ្ហារបួសសរសៃពួរ ACL ម្តងរួចមកហើយពេលលេងអោយក្រុម Getafe របស់អេស្ប៉ាញ និងបានខកខាន៦ខែនៃរដូវកាល La Liga ២០២៣-២០២៤ ។

អវត្តមានរបស់ Unal និង Evanilson នឹងក្លាយជាផលប៉ះពាល់ធំមួយសម្រាប់ AFC Bournemouth ដែលមានមហិច្ឆតាចង់បានកៅអីលេងនៅព្រឹត្តិការណ៍ប្រកួតពានរង្វាន់ទ្វីអឺរ៉ុបរបស់ពួកគេ។

ការទទួលជ័យជំនះ ១-0 លើ Everton កាលពីចុងសប្តាហ៍មុន បានជួយអោយពួកគេបង្កើតកំណត់ត្រាក្លិបថ្មីនៃការប្រកួត Premier League ចំនួន៨ប្រកួតដោយមិនទាន់ចាញ់។ Bournemouth បច្ចុប្បន្នកំពុងឈរលេខរៀងទី៧ក្នុងតារាងពិន្ទុ Premier League មាន៣៣ពិន្ទុ តិចជាងក្រុមចំណាត់ថ្នាក់លេខ៤ Chelsea ចំនួន៣ពិន្ទុ ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង