×

ក្លិប Everton បណ្តេញគ្រូបង្វឹកលោក Sean Dyche ចេញពីតំណែង

ក្លិប Everton បានសម្រេចបណ្តេញគ្រូបង្វឹកលោក Sean Dyche ចេញពីតំណែង ប៉ុន្មានម៉ោងប៉ុណ្ណោះ មុនពេលពួកគេត្រូវចូលរួមការប្រកួត ទល់នឹងក្លិបមកពីលីគទី៣អង់គ្លេស Peterborough United ក្នុងជុំទី៣ ពានរង្វាន់ FA Cup។

មិនត្រឹមតែលោក Sean Dyche ទេ ដែលត្រូវបានបញ្ចប់តំណែង គឺក្រុមបុគ្គលិកគ្រូបង្វឹករបស់លោក ក៏ត្រូវបានបញ្ចប់តំណែងដូចគ្នា។

ក្លិប Everton បានអោយដឹងថា ពួកគេនឹងតែងតាំងគ្រូបង្វឹកក្រុមអាយុយុវជនរបស់ក្លិបអាយុក្រោម ១៨ ឆ្នាំលោក Leighton Baines និងប្រធានក្រុមខ្សែការពារ Seamus Coleman នឹងទទួលបន្ទុកដឹកនាំក្រុមជាបណ្តោះអាសន្ន។

ក្លិបរហស្សនាមស្ករគ្រាប់បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ក្លិបបាល់ទាត់ Everton អាចបញ្ជាក់បានថា លោក Sean Dyche នឹងត្រូវបញ្ចប់ពីតួនាទីរបស់លោកក្នុងនាមជាគ្រូបង្វឹករបស់ក្រុម ដោយមានប្រសិទ្ធភាពភ្លាមៗ។ ក្រុមបុគ្គលិករបស់លោក ដែលមានលោក Ian Woan, Steve Stone, Mark Howard និង Billy Mercer ក៏បានចាកចេញពីក្លិបផងដែរ។ ដំណើរការដើម្បីតែងតាំងអ្នកគ្រប់គ្រងថ្មីកំពុងដំណើរការ ហើយពត៌មាននានានឹងត្រូវបានផ្តល់ជូនក្នុងពេលឆាប់ៗនេះ។”

ក្លិប Everton ត្រូវបានកាន់កាប់ដោយម្ចាស់ថ្មី Friedkin Group នៅក្នុងខែធ្នូ ហើយលោក Dyche បាននិយាយថា រូបលោកទទួលបានការគាំទ្រពីម្ចាស់ថ្មី។ យ៉ាងណាក៏ដោយ Everton ឈរនៅលេខរៀងទី ១៦ ក្នុងតារាងពិន្ទុក្របខណ្ឌ Premier League បន្ទាប់ពីឆ្លងកាត់ ១៩ ប្រកួត ដោយមានតែ១ពិន្ទុពីលើតំបន់កាត់ចោល។ ពួកគេមិនបានឈ្នះប្រកួតណាទៀតទេ ចាប់តាំងពីបានយកឈ្នះ Wolverhampton Wanderers កាលពីដើមខែធ្នូមក៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង