សារព័ត៌មាន BBC នៅអង់គ្លេសបានរាយការណ៍ថា ក្លិប Ipswich Town នៃក្របខណ្ឌ Premier League បានយល់ព្រមក្នុងការទិញយកខ្សែបម្រើ Jaden Philogene របស់ក្លិបរួមលីគ Aston Villa តម្លៃ ២០លានផោន។
កីឡាករអង់គ្លេស ត្រូវបានដឹងថា នឹងធ្វើដំណើរទៅពិនិត្យសុខភាព នៅកីឡដ្ឋាន Portman Road នៅក្នុងពេលឆាប់ៗនេះ។
Jaden Philogene ទើបតែចូលរួមជាមួយ Aston Villa បានរយៈពេល ៦ខែប៉ុណ្ណោះ ដោយផ្ទេរពីក្លិបលីគទី២ Hull City តម្លៃ ១៨លានផោន។ វាជាលើកទី២ដែល Jaden Philogene បានលេងអោយ Aston Villa ដោយបានលេងលើកដំបូង ពីឆ្នាំ ២០២១-២៣។
វិលមក Aston Villa លើកនេះ កីឡាករវ័យ២២ឆ្នាំ បានទទួលការចាប់អារម្មណ៍ពីក្លិបអឺរ៉ុបជាច្រើន ដោយរួមមានទាំងក្លិបមកពីក្របខណ្ឌ La Liga ផងដែរ ប៉ុន្តែ Ipswich Town បានធ្វើការងារក្នុងការនាំយកកីឡាករសកម្មជាង ក្នុងបំណងកែប្រែស្ថានភាពរបស់ក្រុមដែលមានភាពតានតឹង។ ជាក់ស្តែង Ipswich Town កំពុងឈរលេខ ១៨ នៃតារាងពិន្ទុក្របខណ្ឌ Premier League ដែលជាតំបន់ត្រូវកាត់ចោល មានតែ ១៦ពិន្ទុ។
មែនទែនទៅ Ipswich Town បានតាមចរចាទិញយក Jaden Philogene តាំងពីរូបគេនៅលេងអោយ Hull City មកម្ល៉េះ ប៉ុន្តែ Aston Villa អនុវត្តន៍ជម្រើសទិញត្រឡប់មកវិញ នៅពេលពួកគេលក់កីឡាករទៅអោយ Hull City ក្នុងឆ្នាំ២០២៣។
យ៉ាងណា សម្រាប់ការទិញយក Jaden Philogene របស់ Ipswich Town ក៏នឹងធ្វើអោយ Hull City ទទួលបានទឹកប្រាក់ប្រមាណ ១៣,៥ លានផោនផងដែរ ដោយសារតែ Aston Villa មានលក្ខខណ្ឌ ផ្តល់ប្រាក់ចំណេញ ៣០ភាគរយ នៅក្នុងកិច្ចព្រមព្រៀង៕