ខ្សែការពារ Renato Veiga របស់ក្លិប Chelsea បានក្លាយជាគោលដៅផ្ទេរក្នុងលក្ខខណ្ឌខ្ចីជើងរបស់ក្លិបអាល្លឺម៉ង់ Borussia Dortmund។ នេះបើតាមការផ្សព្វផ្សាយពីសារពត៌មាន BBC។
ទោះយ៉ាងណា ក្លិប Chelsea ចង់បានការផ្ទេរជាអចិន្ត្រៃយ៍ សម្រាប់កីឡាករព័រទុយហ្កាល់ ប៉ុន្តែ បើសិនជា Borussia Dortmund ចង់ខ្ចីជើងរូបគេ អមដោយជម្រើសទិញផ្តាច់ នៅដំណាច់រដូវកាលនោះ អញ្ចឹង Chelsea អាចនឹងធ្វើការពិចារណា ហើយអាចពេញចិត្តក្នុងការចរចាជាមួយគ្នា។
Renato Veiga ត្រូវបានក្លិប Wolves នៅក្របខណ្ឌ Premier League ពេញចិត្ត និងបានដាក់សំណើទៅលើការខ្ចីជើងដូចគ្នា ប៉ុន្តែត្រូវបាន Chelsea បដិសេធ។
កីឡាករ វ័យ២១ឆ្នាំ អាចចាត់ទុកជាកីឡាករសំខាន់មួយរូបរបស់គ្រូបង្វឹក Chelsea លោក Enzo Maresca ដោយបានបង្ហាញខ្លួន ១៨ប្រកួត ហើយក្នុងនោះរួមមានការបង្ហាញខ្លួនពេញ ៩០នាទីក្នុងការប្រកួត ដែល Chelsea ឈ្នះក្រុមលីគទី៤ Morecambe នៅក្នុងជុំទី៣ ពានរង្វាន់ FA Cup ផងដែរ។
សម្រាប់សាមីកីឡាករវិញ ត្រូវបានដឹងថា ចង់ស្វែងរកនាទីនៃការលេង និង បទពិសោធន៍ថ្មីបន្ថែមទៀត ក្រៅពីការលេងអោយ Chelsea ។
Renato Veiga បានចូលរួមជាមួយ Chelsea ដោយផ្ទេរពីក្លិបស្វីស Basel កាលពីទីផ្សារដោះដូរកីឡាកររដូវក្តៅ ឆ្នាំ២០២៤ តម្លៃ ១២លានផោន។
ចំពោះស្ថានភាពរបស់ Renato Veiga ខាងក្លិប Chelsea ក៏ចង់បញ្ចេញរូបគេផងដែរ ប្រសិនបើមានសំណើត្រឹមត្រូវ។
ដោយឡែក ក្រៅពី Renato Veiga ហើយ Chelsea ក៏ចង់បញ្ចេញកីឡាករជាច្រើនរូបទៀត ដែលមាន Ben Chilwell, Carney Chukwuemeka , Cesare Casadei , Kiernan Dewsbury-Hall និង Axel Disasi ផងដែរ៕