×

លោក Pep Guardiola ថា ប្រធានក្រុម Kyle Walker ស្នើសុំចាកចេញពី Man City

គ្រូបង្វឹកលោក Pep Guardiola បាននិយាយថា ប្រធានក្រុម Man City ខ្សែការពារ Kyle Walker បានស្នើសុំចាកចេញពីក្រុមមេឃខៀវហើយ។

ការបញ្ជាក់របស់គ្រូបង្វឹកជនជាតិអេស្ប៉ាញគឺបន្ទាប់ពី ក្រុម Man City បានយឈ្នះក្រុមលីគទី៤ Salford City ដោយលទ្ធផល ៨-០ នៅក្នុងជំនួបជុំទី៣ ពានរង្វាន់ FA Cup នៅចុងសប្តាហ៍កន្លងទៅ។

កីឡាករ វ័យ ៣៤ឆ្នាំ មិនបានត្រូវដាក់បញ្ចូលទៅក្នុងការប្រកួតនោះឡើយ ដោយលោក Pep Guardiola លើកឡើងថា រូបគេបានស្នើសុំសិទ្ធចាកចេញទៅលេងអោយក្លិបនៅប្រទេសដទៃ។ជាក់ស្តែង Kyle Walker ត្រូវបានផ្សារភ្ជាប់ក្នុងការផ្លាស់ទៅកាន់ក្លិបយក្សអាល្លឺម៉ង់ Bayern Munich នៅពេលខាងមុខ។

នៅពេលត្រូវបានសួរនាំអំពីស្ថានភាពរបស់កីឡាករអង់គ្លេស លោក Pep Guardiola បានថ្លែងដូច្នេះ “ វាមិនមែនជារឿងងាយស្រួលទេ ប៉ុន្តែខ្ញុំត្រូវតែនិយាយ ដោយ Kyle Walker បានស្នើសុំចាកចេញ ទៅលេងអោយក្លិបនៅបរទេស ដែលគោលបំណងមុនពេលបញ្ចប់អាជីពជាកីឡាកររបស់គេ។”

លោក Pep Guardiola បន្តថា “ ខ្ញុំដឹងថា Bayern Munich កំពុងចង់បានរូបគេ ប៉ុន្តែសំណើរបស់ក្លិបអាល្លឺម៉ង់ មិនល្អគ្រប់គ្រាន់សោះ។ យើងមិនចង់ស្រមៃពេលដែលក្រុមលែងមានវត្តមានរបស់ Kyle Walker នោះទេ ព្រោះគេបានជួយក្រុមទទួលជោគជ័យច្រើនណាស់ ប៉ុន្តែនោះជាហេតុផលរបស់គេ ដែលគេចង់ស្វែងរកអ្វីថ្មីនៅក្នុងអាជីពចុងក្រោយ។”

Kyle Walker បានចូលរួមជាមួយ Man City កាលពីឆ្នាំ២០១៧ ដោយផ្ទេរមកពី Tottenham Hotspur ក្នុងតម្លៃប្រមាណ ៥០លានផោន។ រូបគេបានបង្ហាញខ្លួន ៣១៩ ប្រកួត សម្រាប់ក្រុមមេឃខៀវ ដោយបានជួយក្លិបឈ្នះពានរង្វាន់ដល់ទៅ១៧គ្រឿង ដោយក្នុងនោះរួមមានពានរង្វាន់ធំៗកាលពីឆ្នាំ២០២៣ ដែលមាន Premier League, UEFA Champions League, UEFA Super Cup និង FIFA Club World Cup។

នៅរដូវកាលនេះ ពេលវេលាលេងរបស់ Kyle Walker ជាមួយ Man City ត្រូវបានកាត់បន្ថយយ៉ាងច្រើន ដោយបង្ហាញខ្លួនតែ១៨ប្រកួត គ្រប់កម្មវិធីទាំងអស់។

ដោយឡែក ក្រៅពី Bayern Munich ហើយក្លិបនៅអារ៉ាប៊ីសាអូឌីត ក៏ត្រូវបានរាយការណ៍ថា បានក្លាយជាគោលដៅរបស់ Kyle Walker ផងដែរ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង