×

គ្រូថ្មី West Ham United ថា ខ្លួននឹងព្យាយាមជួយក្រុមទទួលលទ្ធផលល្អឡើងវិញ

គ្រូបង្វឹកថ្មី West Ham United លោក Graham Potter បាននិយាយថា លោកជ្រើសរើសមកកាន់ការងារនៅកីឡដ្ឋាន London Stadium ព្រោះលោកមានអារម្មណ៍ថា លោកស័ក្កសមជាមួយការងារនៅទីនេះ ហើយលោកប្តេជ្ញាជួយក្រុមទទួលបានលទ្ធផលល្អឡើងវិញ។

បុរសវ័យ ៤៩ឆ្នាំ អតីតគ្រូបង្វឹក Chelsea និង Brighton ត្រូវបានតែងតាំងមកកាន់តំណែងនៅ West Ham United កាលពីពេលថ្មីៗនេះ ជំនួសលោក Julen Lopetegui ដោយលោកបានចុះកុងត្រារយៈពេល ២ឆ្នាំកន្លះ។ លោក Julen Lopetegui ត្រូវបាន West Ham United បញ្ចប់តំណែងក្រោយដឹកនាំ បាន ២២ ប្រកួត ឈ្នះ ៧ ស្មើ ៥ ចាញ់១០ដង។

បុរសជនជាតិអេស្ប៉ាញបានចូលដឹកនាំនៅកីឡដ្ឋាន London Stadium កាលពីខែកក្កដា ឆ្នាំ២០២៤ ជំនួសលោក David Moyes ដោយចុះកុងត្រារយៈពេល ២ឆ្នាំ។ យ៉ាងណា អតីតគ្រូបង្វឹក Real Madrid និង Wolverhampton មិនបានដឹកនាំ West Ham ទទួលលទ្ធផលល្អប្រសើរដូចការរំពឹងទុកឡើយ បើទោះជាបានចំណាយយ៉ាងច្រើន ប្រមាណ ១៤០លានអឺរ៉ូ ក្នុងការនាំយកកីឡាករថ្មីៗដូចជា Maximilian Kilman, Jean-Clair Todibo, Aaron Wan-Bissaka, , Crysencio Summerville និង Niclas Fullkrug មកជួយពង្រឹងក្រុមក៏ដោយ។

ឥឡូវនេះ លោក Graham Potter គឺជាក្តីសង្ឃឹមរបស់ក្រុមញញួរយក្ស ក្នុងការស្តារក្លិបឡើងវិញ ខណៈពួកគេកំពុងមានលទ្ធផលមិនសូវល្អ ក្នុងការប្រកួតក្របខណ្ឌ Premier League ដោយស្ថិតនៅលេខ១៤ មាន ២៣ពិន្ទុ ឃ្លាតពីតំបន់កាត់ចោលតែ៧ពិន្ទុ។

សម្រាប់ការមកកាន់តំណែង ជាគ្រូបង្វឹកថ្មី West Ham United លោក Graham Potter ក៏បានធ្វើការប្តេជ្ញាពីការតាំងចិត្តប្រឹងប្រែងជួយក្រុមអោយទទួលលទ្ធផលល្អប្រសើរ។

លោក Graham Potter បានអោយដឹងក្នុងការបង្ហាញខ្លួនជាគ្រូបង្វឹកថ្មីជាផ្លូវការយ៉ាងដូច្នេះថា “ ខ្ញុំបានសន្ទនាជាមួយនាយកក្លិបផ្សេងៗគ្នា ម្ចាស់ក្លិបនានា ប៉ុន្តែខ្ញុំគិតថាវាសំខាន់ដែលខ្ញុំជ្រើសរើសជម្រើសត្រឹមត្រូវនៅពេលត្រឹមត្រូវ។ ពេលខ្ញុំនិយាយជាមួយក្លិប West Ham នេះ វាមានអារម្មណ៍ថាត្រូវ ខ្ញុំគិតថាវាល្អសម្រាប់ខ្ញុំនឹងក្លិប។ ក្លិបកំពុងមានការតស៊ូយ៉ាងលំបាក ប៉ុន្តែការមកដល់របស់ខ្ញុំ ខ្ញុំនឹងព្យាយាមប្រឹងប្រែងជួយក្រុមអោយបានល្អប្រសើរបំផុត។”

ភារកិច្ចដំបូងរបស់លោក Graham Potter គឺត្រូវដឹកនាំ West Ham ប្រកួតជាមួយ Fulham នៅក្នុងជំនួបក្របខណ្ឌ Premier League នៅយប់ថ្ងៃអង្គារខាងមុខនេះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង