×

Everton តែងតាំងលោក David Moyes ជាគ្រូបង្វឹកជាលើកទី២

ក្លិប Everton នៅក្របខណ្ឌ Premier League បានតែងតាំងលោក David Moyes មកជាគ្រូបង្វឹកថ្មិរបស់ពួកគេ។ នេះបើតាមការប្រកាសអោយដឹងកាលពីពេលថ្មីៗនេះ។

នេះជាលើកទី២ហើយ ដែលបុរសជនជាតិស្កុតឡេន បានមកដឹកនាំក្លិបរហស្សនាមស្ករគ្រាប់ បន្ទាប់ពីធ្លាប់ដឹកនាំលើកដំបូងចាប់ពីឆ្នាំ ២០០២-២០១៣។ ការត្រឡប់មកវិញរបស់លោក David Moyes នៅ Everton គឺមកជំនួសលោក Sean Dyche ដែលត្រូវបញ្ចប់តំណែង ដោយលើកនេះលោក David Moyes បានចុះកុងត្រារយៈពេល ២ឆ្នាំ កន្លះ។

ការឈានដល់ការបញ្ចប់តំណែងលោក Sean Dyche គឺបន្ទាប់ពីការដឹកនាំរបស់លោកទទួលលទ្ធផលមិនល្អ ដោយ Everton កំពុងតស៊ូ ក្នុងការរក្សាកៅអីនៅក្របខណ្ឌ Premier League នៅក្នុងរដូវកាលទី៧១របស់នៃការឈរជើងនៅលីគកំពូលអង់គ្លេស។ ជាក់ស្តែង ពួកគេមានតែ១៧ពិន្ទុ ក្រោយលេងបាន១៩ប្រកួត និងស្ថិតនៅលេខ១៦ នៃតារាងពិន្ទុ Premier League ឃ្លាតពីតំបន់កាត់ចោលតែ១ពិន្ទុប៉ុណ្ណោះ។

ក្លិប Everton ត្រូវបានទិញដោយសាជីវកម្ម Friedkin Group កាលពីខែមុន ហើយពួកគេគ្រោងនឹងផ្លាស់ប្តូរទៅកាន់កីឡដ្ឋានថ្មីនៅក្នុងឆ្នាំនេះ ដោយប៉ុនប៉ងរក្សាការលេងអោយបាននៅលីគកំពូលអង់គ្លេស នៅកីឡដ្ឋានថ្មីនោះ។

ជាមួយនឹងការតែងតាំងលោក David Moyes មកជាគ្រូបង្វឹកសាជាថ្មីនេះដែរ ក្លិប Everton បានចេញសេចក្តីថ្លែងការណ៍ថា “យើងរីករាយដែលលោក David Moyes បានមកចូលរួមជាមួយយើងនៅក្នុងពេលវេលាដ៏សំខាន់នេះនៅក្នុងប្រវត្តិសាស្រ្តរបស់ Everton ។ ជាមួយនឹងបទពិសោធន៍ជាងមួយទសវត្សនៅក្នុងក្លិប លោក David Moyes គឺជាអ្នកដឹកនាំដ៏ត្រឹមត្រូវក្នុងការជំរុញពួកយើងអោយឆ្លងកាត់រដូវកាលចុងក្រោយរបស់យើងនៅ Goodison Park និងទៅកាន់កីឡដ្ឋានថ្មីរបស់យើង។ យើងទន្ទឹងរង់ចាំធ្វើការជាមួយ David ដើម្បីកសាងមូលដ្ឋានគ្រឹះនៃយុគសម័យថ្មីសម្រាប់ Everton ។”

ការដឹកនាំ Everton ដំបូងរបស់លោក David Moyes គឺដឹកនាំបាន ៥១៨ប្រកួត ប៉ុន្តែមិនបានជួយក្លិបឈ្នះពានរង្វាន់ណាមួយទេ មុនពេលលោកផ្លាស់ទៅដឹកនាំ Manchester United, Real Sociedad, Sunderland និង West Ham ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង