×

គ្រូ Tottenham Hotspur បង្ហាញការខកចិត្តចំពោះកូនក្រុមក្រោយចាញ់ Arsenal

គ្រូបង្វឹក Tottenham Hotspur លោក Ange Postecoglou បានបង្ហាញពីការខកចិត្ត ចំពោះទម្រង់លេងរបស់កូនក្រុមខ្លួន និងថាជារឿងដែលលោកមិនអាចទទួលយកបាន ក្រោយពីពួកគេបានប្រកួតចាញ់ Arsenal រួចមក។

ជាការពិត ក្រុម Tottenham Hotspur ទទួលរងបរាជ័យ៤លើកក្នុងចំណោម៥លើកចុងក្រោយ នៃក្របខណ្ឌ Premier League បូករួមទាំងការចាញ់ក្រោមថ្វីជើង Arsenal ដោយលទ្ធផល ២-១ កាលពីយប់មិញ។

ក្នុងជំនួបដែលធ្វើឡើងនាកីឡដ្ឋាន Emirates ក្រុមភ្ញៀវ Tottenham Hotspur បានក្តាប់ឱកាសល្អក្នុងការរកគ្រាប់បាល់បានមុនធ្វើបានដោយ Heung-Min Son នៅនាទី២៥ប៉ុន្តែនាទី៤០ Dominic Solanke បានធ្វើអោយបាល់ចូលទីខ្លួនឯង ផ្តល់លទ្ធផលស្មើគ្នាទៅកាន់ក្រុមម្ចាស់ផ្ទះ Arsenal ។ នៅនាទី៤៤ Leandro Trossard ក៏បានរកគ្រាប់បាល់១គ្រាប់ទៀត ផ្តល់លទ្ធផលនាំមុខទៅអោយក្រុមកាំភ្លើងធំមុនចប់វគ្គទី១។

នៅក្នុងវគ្គទី២វិញ មិនមានការស៊ុតបាល់បញ្ចូលទីទៀតនោះទេ ទើបលទ្ធផលបញ្ចប់ការប្រកួតគឺ Arsenal ២ Tottenham Hotspur ១។

ជាមួយនឹងទម្រង់លេងមិនល្អ ដែលអោយរបូតគ្រាប់បាល់ជាបន្តបន្ទាប់ រហូតដល់ចាញ់ការប្រកួត បានធ្វើអោយគ្រូបង្វឹក Tottenham Hotspur លោក Ange Postecoglou មានការខកចិត្ត ព្រោះកូនក្រុមមិនបានធ្វើដូចអ្វីដែលបានគ្រោងទុក។

លោក Ange Postecoglou បានអោយដឹងបែបនេះ “ នោះមិនមែនជារបៀបដែលខ្ញុំរៀបចំក្រុមអោយលេងនោះទេ។ ការផ្តល់ឱកាសអោយ Arsenal គ្របសង្កត់លើក្រុមយើងវាមិនល្អ។ ការលេងរបស់យើងហាក់ដូចជាមិនមែនជាក្រុមទេ យើងមានភាពអសកម្មពេកហើយ។ នោះមិនអាចទទួលយកបានទេ។ យើងមិនល្អគ្រប់គ្រាន់ទេ ហើយយើងក៏ចាញ់ការប្រកួត។”

បូកទាំងការចាញ់លើកនេះទៀត Tottenham Hotspur ក៏មានវាសនាមិនខុសអីពី Man UTD ដែរ ដោយបច្ចុប្បន្នបានរំកិលខ្លួនធ្លាក់មកដល់លេខរៀងទី១៣ ក្នុងតារាង Premier League មាន២៤ពិន្ទុ ស្របពេលដែល Man UTD កំពុងស្ថិតនៅលេខ១៥និងមានពិន្ទុខុសគ្នាតែ១ពិន្ទុប៉ុណ្ណោះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង