បន្ទាប់ពីខ្សែប្រយុទ្ធ Kai Havertz ស៊ុតបាល់វគ្គកាត់សេចក្តី ១១ម៉ែត្រ មិនចូលដែលធ្វើអោយ Arsenal ធ្លាក់ចេញពីការប្រកួតពានរង្វាន់ FA Cup ក្រោមថ្វីជើង Man UTD នោះ ស្រាប់តែ ភរិយារបស់គេនាង Sophia Havertz បានទម្លាយសារគំរាមដែលទទួលបានពីគណនីមិនស្គាល់មុខមួយចំនួនលើបណ្តាញសង្គម ដោយថា Kai Havertz ជាមូលហេតុធ្វើអោយក្រុមកាំភ្លើងធំមិនអាចឡើងវគ្គបន្តបាន។
ការប្រកួតរយៈពេល ១២០នាទី រវាងក្រុមម្ចាស់ផ្ទះ Arsenal ប្រកួតបានត្រឹមលទ្ធផលស្មើ ១-១ ទល់នឹងក្រុម Man UTD ដែលមានកីឡាករក្នុងទីលានត្រឹម ១០នាក់។ Arsenal ចាញ់លទ្ធផល ៥-៣ នៅការស៊ុតបាល់ ១១ម៉ែត្រកាត់សេចក្តី ក្នុងកីឡដ្ឋាន Emirate ហើយគ្រាប់បាល់ដែលត្រូវបានអ្នកចាំទីសង្គ្រោះបាន គឺជាការស៊ុតរបស់ Kai Kavertz។ នៅក្នុងការប្រកួតដដែលនោះ កីឡាករអាល្លឺម៉ង់ ក៏ខកខានឱកាសស៊ុតបញ្ចូលទីល្អៗប៉ុន្មានលើកផងដែរ។
ចាប់តាំងពីពេលនោះមក Kai Havertz តែងរងការរិះគន់ពីអ្នកគាំទ្រ ហើយប្រពន្ធរបស់គេ នាង Sophia Havertz ក៏តែងតែទទួលបានសាររិះគន់ ស្តីបន្ទោស និងគំរាមកំហែងផ្សេងៗលើរូបនាង និងក្រុមគ្រួសារ។
លើករណីនេះ ក្លិប Arsenal ក៏បានប្រកាសថាខ្លួននឹងបើកការស៊ើបអង្កេតស្វែងរកជនបង្កនៅពីក្រោយគណនីក្លែងបន្លំនោះ ដែលបានផ្ញើសារគំរាមដល់ក្រុមគ្រួសាររបស់ Kai Havertz៕