×

លោក Ole Gunnar Solskjaer ខិតជិតការក្លាយជាគ្រូបង្វឹកថ្មីក្លិប Besiktas

អតីតគ្រូបង្វឹក Man UTD លោក Ole Gunnar Solskjaer ខិតជិតការក្លាយជាគ្រូបង្វឹកថ្មីរបស់ក្លិបតួកគី Besiktas។ នេះបើតាមការផ្សព្វផ្សាយពីសារពត៌មាន The Sun។

ក្លិបនៅក្របខណ្ឌ Süper Lig មិនទាន់មានគ្រូបង្វឹកអចិន្ត្រៃយ៍នោះទេ ចាប់តាំងពីបញ្ចប់តំណែងរបស់គ្រូបង្វឹកជនជាតិហូឡង់ លោក Giovanni van Bronckhorst កាលពីចុងខែវិច្ឆិកាមក។

សម្រាប់ លោក Ole Gunnar Solskjaer វិញ មិនទាន់បានចូលដឹកនាំក្លិបណាមួយនៅឡើយទេ ចាប់តាំងពីត្រូវ Man UTD បញ្ចប់តំណែងនៅក្នុងឆ្នាំ២០២១។

បុរសជនជាតិន័រវេស ធ្លាប់បានជួយក្លិបបិសាចក្រហម ទទួលបានតំណែងរងជើងឯកនៃក្របខណ្ឌ Premier League កាលពីរដូវកាល ២០២០-២១ និងឡើងដល់វគ្គផ្តាច់ព្រ័ត្រ UEFA Europa League ក្នុងរដូវកាលតែមួយ។

កិច្ចពិភាក្សារវាងលោក Ole Gunnar Solskjaer និង ក្លិប Besiktas បានឈានដល់ដំណាក់កាលចុងក្រោយហើយ ហើយបើមិនមានការប្រែប្រួលរូបលោកនឹងចុះកិច្ចសន្យាដឹកនាំក្លិបចំនួន ១ឆ្នាំ កន្លះ។

កន្លងទៅបុរសវ័យ៥១ឆ្នាំត្រូវបានផ្សារភ្ជាប់ទៅនឹងការដឹកនាំក្លិបនៅក្របខណ្ឌ Premier League ដូចជា Leicester City និង West Ham។ លោកក៏ត្រូវបានជឿដោយភ្ញាក់ផ្អើលថា អាចវិលទៅដឹកនាំ Man UTD វិញ មុនការកាន់តំណែងរបស់លោក Ruben Amorim ថែមទៀត។

លោក Ole Gunnar Solskjaer ធ្លាប់បានដឹកនាំក្លិបដូចជា Molde , Cardiff City និង Man UTD ហើយក្លិប Besiktas នឹងក្លាយជាក្លិបទី៤ដែលលោកដឹកនាំក្នុងអាជីពជាគ្រូបង្វឹក។

Besiktas បច្ចុប្បន្នកំពុងឈរលេខ៥ ក្នុងតារាងពិន្ទុ ក្របខណ្ឌ Süper Lig ២០២៤-២៥ ដោយមាន៣០ពិន្ទ ក្រោយឆ្លងកាត់ ១៨ប្រកួត៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង