ក្លិប Man City ខិតកាន់តែកៀកក្នុងការផ្ទេរយកខ្សែប្រយុទ្ធ Omar Marmoush ពីក្លិប Eintracht Frankfurt។ នេះបើយោងតាមការផ្សព្វផ្សាយពីសារពត៌មាន BBC។
ប្រភពដដែលអោយដឹងថា ក្លិបទាំង២បានឈានដល់កិច្ចព្រមព្រៀងគ្នាជាពាក្យសម្តី ក្នុងការផ្លាស់ប្តូរកីឡាករអេហ្ស៊ីបហើយ ប៉ុន្តែការផ្ទេរនៅមិនទាន់បានបំពេញនៅឡើយនោះទេ។
Omar Marmoush បានស៊ុតបញ្ចូលទីដល់ទៅ២០គ្រាប់ ពីការបង្ហាញខ្លួន ២៦ប្រកួតគ្រប់កម្មវិធី អោយ Eintracht Frankfurt នៅរដូវកាលនេះ។
កីឡាករវ័យ២៥ឆ្នាំ បានចូលរួមជាមួយ Eintracht Frankfurt ក្នុងនាមជាកីឡាករឥតតម្លៃខ្លួន ដោយផ្ទេរមកពីក្លិបរួមលីគកំពូលអាល្លឺម៉ង់ Wolfsburg កាលពីឆ្នាំ២០២៣។
ក្រៅពី Omar Marmoush ហើយ Man City ត្រូវបានគេរំពឹងថានឹងបញ្ចប់ការចុះហត្ថលេខាលើខ្សែការពារប្រេស៊ីល Vitor Reis ដែលកំពុងធ្វើដំណើរទៅពិនិត្យសុខភាពដើម្បីបញ្ចប់ការផ្លាស់ប្តូររបស់គេពីក្លិប Palmeiras ។
ក្លិបមេឃខៀវ ក៏ចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើខ្សែការពារស្លាបឆ្វេង Andrea Cambiaso របស់ក្លិប Juventus ផងដែរ បើទោះបីជាមានការអះអាងថាការពិភាក្សាមិនមានភាពជឿនលឿនដូចដែលរបាយការណ៍នៅប្រទេសអ៊ីតាលីកំពុងលើកឡើងនោះទេ ហើយក៏មិនមានការធានាថាការផ្ទេរនឹងត្រូវបញ្ចប់ក្នុងខែនេះដែរ។
Andrea Cambiaso វ័យ ២៤ ឆ្នាំបានចូលរួមជាមួយ Juventus ពី Genoa ក្នុងឆ្នាំ ២០២២ ហើយរដូវកាលនេះបង្ហាញខ្លួនបាន២៥ប្រកួតស៊ុតបញ្ចូលទីបាន២ដង និងចែកបាល់សម្រេច២ដង៕