ក្រុម Man UTD បានប្រកួតឈ្នះក្រុម Southampton ដោយលទ្ធផល ៣-១ នៅក្នុងជំនួបក្របខណ្ឌ Premier League ដែលធ្វើឡើងនាកីឡដ្ឋាន Old Trafford កាលពីយប់មិញ។
ស្ថិតិនៃការប្រកួតនេះ ក្រុមម្ចាស់ផ្ទះ Man UTD អាចគ្រប់គ្រងបាល់បាន ៥៨ភាគរយ ហើយមានឱកាសស៊ុតដល់ទៅ ២៣ដង ខណៈក្រុមភ្ញៀវ Southampton មានឱកាសស៊ុត១៣ដង។
ការប្រកួតដំណើរការដល់នាទី ៤៣ ទើបមានគ្រាប់បាល់កើតឡើង ដោយគ្រាប់បាល់នោះជាការភ្លាត់ស្នៀតអោយបាល់ចូលសំណាញ់ទីខ្លួនឯងរបស់ Manuel Ugarte ធ្វើអោយក្រុម Southampton នាំមុខមុននៅក្នុងវគ្គទី១។
នៅក្នុងវគ្គទី២វិញ Man UTD បានប្រឹងប្រែងវាយសម្រុកបកទៅវិញ ហើយការព្យាយាមរបស់ពួកគេបានអោយផលយ៉ាងល្អផងដែរ នៅចុងម៉ោង ដោយ Amad Diallo រកគ្រាប់បាល់បញ្ចូលទី៣គ្រាប់ផ្ទួនៗគ្នា នៅនាទី ៨២ នាទី ៩០ និង នាទី ៩០+៤ ដើម្បីជួយអោយក្រុមបិសាចក្រហមឈ្នះការប្រកួតបានវិញ។
វាជាការបង្ហាញសមត្ថភាពមួយបានយ៉ាងពិសេសរបស់ Amad Diallo ខ្សែបម្រើប្រយុទ្ធ ដែលទើបតែមានវ័យ២២ឆ្នាំ ហើយការជួយរកគ្រាប់បាល់របស់គេដែលធ្វើអោយ Man UTD បានវាយបកឈ្នះ Southampton វិញនេះ បានធ្វើអោយគ្រូបង្វឹកលោក Ruben Amorim មានការពេញចិត្តនិងកោតសរសើរចំពោះសមត្ថភាពនេះ។
លោក Ruben Amorim បានអោយដឹងក្រោយចប់ការប្រកួតថា “ ក្រុមទាំងមូលជាពិសេស Amad Diallo ធ្វើបានល្អខ្លាំងណាស់។ គ្រប់គ្នាមានភាពនឿយហត់ តែក៏ប្រឹងប្រែង និងគ្រប់គ្រងស្ថានការណ៍បានល្អ។ ក្រោយចប់ការប្រកួត អ្វីដែលខ្ញុំអោយកីឡាករខ្ញុំធ្វើភ្លាមៗនោះ គឺការសម្រាក និងញ៉ាំអាហារអោយបានល្អ ព្រោះយើងនៅសល់ការប្រកួតដ៏មមាញឹកទៀត។”
ជាមួយនឹងជ័យជំនះនេះបានធ្វើអោយ Man UTD ឡើងមកឈរលេខ១២ក្នុងតារាងពិន្ទុក្របខណ្ឌ Premier League ដោយមាន២៦ពិន្ទុ រីឯ Southampton ស្ថិតនៅបាតតារាង មាន៦ពិន្ទុ ឃ្លាតពីតំបន់សុវត្ថិភាព១០ពិន្ទុ៕