×

លោក Ole Gunnar Solskjaer ក្លាយជាគ្រូថ្មីរបស់ Besiktas

អតីតគ្រូបង្វឹក Man UTD លោក Ole Gunnar Solskjaer ត្រូវបានតែងតាំងជាគ្រូបង្វឹកថ្មីរបស់ក្លិបតួកគី Besiktas ជាផ្លូវការ។

មុនមកកាន់ទឹកដី Tüpraş Stadium លោក Ole Gunnar Solskjaer មិនទាន់បានដឹកនាំក្លិបណាមួយនៅឡើយទេ ចាប់តាំងពីត្រូវ Man UTD បញ្ចប់តំណែងនៅក្នុងឆ្នាំ២០២១។ បុរសជនជាតិន័រវេស ធ្លាប់បានជួយក្លិបបិសាចក្រហម ទទួលបានតំណែងរងជើងឯកក្របខណ្ឌ Premier League កាលពីរដូវកាល ២០២០-២១ និងឡើងដល់វគ្គផ្តាច់ព្រ័ត្រ UEFA Europa League ក្នុងរដូវកាលតែមួយ។

កន្លងទៅបុរសវ័យ៥១ឆ្នាំត្រូវបានផ្សារភ្ជាប់ទៅនឹងការដឹកនាំក្លិបនៅក្របខណ្ឌ Premier League ដូចជា Leicester City និង West Ham។ លោកក៏ត្រូវបានជឿដោយភ្ញាក់ផ្អើលថា អាចវិលទៅដឹកនាំ Man UTD វិញ មុនការកាន់តំណែងរបស់លោក Ruben Amorim ថែមទៀត ប៉ុន្តែពេលនេះលោកបានបង្ហាញខ្លួនជាផ្លូវការក្នុងការដឹកនាំក្លិប Besiktas។

សម្រាប់ការចូលរួមជាមួយ Besiktas ទៀតសោត លោក Ole Gunnar Solskjaer បានយល់ព្រមលើកិច្ចព្រមព្រៀងរហូតដល់ចុងបញ្ចប់នៃរដូវកាលនេះ ជាមួយនឹងជម្រើសក្នុងការបន្តរយៈពេលមួយឆ្នាំទៀត។

លោក Ole Gunnar Solskjaer ធ្លាប់បានដឹកនាំក្លិបដូចជា Molde , Cardiff City និង Man UTD ហើយក្លិប Besiktas ក្លាយជាក្លិបទី៤ដែលលោកដឹកនាំក្នុងអាជីពជាគ្រូបង្វឹក។

ចំពោះ Besiktas ដែលបានឈ្នះជើងឯកទួរគី Super Lig ១៦ដង បច្ចុប្បន្នកំពុងឈរនៅលេខរៀងទី៦ ក្នុងតារាងពិន្ទុលីគកំពូលតួកគី។ ពួកគេគ្មានគ្រូបង្វឹកអចិន្ត្រៃយ៍ទេ ចាប់តាំងពីលោក Giovanni van Bronckhorst បានចាកចេញក្នុងខែវិច្ឆិកា។

ការប្រកួតដំបូងរបស់លោក Solskjaer ជាគ្រូបង្វឹកថ្មីរបស់ Besiktas គឺនឹងត្រូវប៉ះ Athletic Bilbao ក្នុងការប្រកួត UEFA Europa League នៅពាក់កណ្តាលសប្តាហ៍នេះ ។ Besiktas កំពុងឈរនៅលេខរៀងទី ២៨ ក្នុងតារាង UEFA Europa League ដែលជាកន្លែងគ្មានកៅអីទៅវគ្គបន្ត ខណៈការប្រកួតសល់ត្រឹម២លើកទៀត៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង