អតីតខ្សែប្រយុទ្ធ Man UTD និងក្រុមជម្រើសជាតិស្កុតឡែន លោក Denis Law បានទទួលមរណភាពក្នុងអាយុ ៨៤ឆ្នាំ។ នេះបើតាមការប្រកាសរបស់ក្លិបនៅក្របខណ្ឌ Premier League។
សេចក្តីថ្លែងការណ៍របស់ក្រុមគ្រួសារដែលចែករំលែកដោយ Man UTD បាននិយាយថា លោក Denis Law បានទទួលមរណភាពក្នុងពេលវេលាដ៏សោកសៅ។ ក្លិបសូមអរគុណអ្នករាល់គ្នាដែលបានរួមចំណែកដល់សុខុមាលភាព និងការមើលថែរបស់លោកនាពេលកន្លងមក។ អ្នកគាំទ្ររបស់ក្លិបបានស្រឡាញ់លោក Denis Law ខ្លាំងប៉ុណ្ណា ហើយការស្រលាញ់នោះតែងតែត្រូវបានទទួលការកោតសរសើរ។
លោក Denis Law បានចាប់ផ្តើមអាជីពរបស់ខ្លួននៅក្លិប Huddersfield Town ប៉ុន្តែបានបង្កើតកេរ្ត៍ឈ្មោះរបស់លោកនៅ Man UTD ជាកន្លែងដែលលោកបានចំណាយពេល ១១ ឆ្នាំដោយឈ្នះពានរង្វាន់លីគក្នុងឆ្នាំ ១៩៦៥ និង ១៩៦៧ និងពានរង្វាន់ European Cup ឆ្នាំ ១៩៦៨ ។
លោក Denis Law បានស៊ុតបញ្ចូលទីបាន ២៣៧ គ្រាប់ក្នុងការបង្ហាញខ្លួន ៤០៤ លើកសម្រាប់ Man UTD ដែលធ្វើអោយលោកបានក្លាយជាកីឡាករស៊ុតបញ្ចូលទីច្រើនជាងគេលំដាប់ទី៣ក្នុងប្រវត្តិសាស្ត្រក្លិបបិសាចក្រហមបន្ទាប់ពី Wayne Rooney ស៊ុតបាន ២៥៣គ្រាប់ និង Bobby Charlton ស៊ុតបាន ២៤៩គ្រាប់។
លោក Denis Law ដែលមានរហស្សនាមថា The King បានក្លាយជាជនជាតិស្កុតឡេនតែមួយគត់ដែលបានឈ្នះពានរង្វាន់ Ballon d’Or និងពានរង្វាន់កីឡាករឆ្នើមប្រចាំឆ្នាំរបស់អឺរ៉ុបដោយបានឈ្នះពានរង្វាន់កិត្តិយសទាំង២នៅឆ្នាំ ១៩៦៤ ។
អតីតកីឡាករ Man UTD និង Torino នៅតែជាកីឡាករស៊ុតបញ្ចូលទីច្រើនជាងគេគ្រប់ពេលវេលារបស់ក្រុមជម្រើសជាតិស្កុតឡែន ដោយស៊ុតបញ្ចូលទីបាន ៣០គ្រាប់ក្នុង ៥៥ ប្រកួត បន្ទាប់ពីបង្ហាញខ្លួនជាអន្តរជាតិលើកដំបូងរបស់ខ្លួនក្នុងឆ្នាំ ១៩៥៨ នៅអាយុ ១៨ ឆ្នាំ។
លោក Denis Law បានបង្ហាញប្រាប់នៅឆ្នាំ ២០២១ ថា រូបលោកត្រូវបានធ្វើរោគវិនិច្ឆ័យថាមានជំងឺវង្វេងវង្វាន់ និងជំងឺសរសៃឈាមខួរក្បាល៕