Man UTD បានជួបភាពបរាជ័យម្តងទៀតក្នុងការប្រកួតក្របខណ្ឌ Premier League កាលពីចុងសប្តាហ៍កន្លងទៅ ដោយបានចាញ់ ក្រុម Brighton ក្នុងលទ្ធផល ៣-១។
ការប្រកួតនាកីឡដ្ឋាន Old Trafford ដំណើរការបានតែ៥នាទី ក្រុម Man UTD ក៏ត្រូវបានក្រុមគូប្រជែង Brighton នាំមុខមុន ដោយគ្រាប់បាល់របស់ Yankuba Minteh នៅនាទី ៥ ប៉ុន្តែនាទី២៣Bruno Fernandes បានស៊ុតបាល់ពិន័យ១១ម៉ែត្រ តាមស្មើអោយក្រុមម្ចាស់ផ្ទះ មុនចប់វគ្គទី១។
នៅវគ្គទី២ Man UTD មិនអាចធ្វើអ្វីគូប្រជែងបានទេ ដោយរងការវាយសម្រុកជាបន្តបន្ទាប់។ នៅនាទី៦០ ក្រុមបិសាចក្រហមក៏របូតគ្រាប់បាល់បន្ថែមទៀត ដោយការស៊ុតបញ្ចូលទីរបស់ Kaoru Mitoma។
នាទី៧៦ គ្រាប់បាល់ទី៣របស់ Brighton ក៏បានកើតឡើងដោយថ្វីជើងរបស់ Georginio Rutter ដើម្បីជួយអោយ ក្រុមភ្ញៀវ Brighton ទទួលបានជ័យជំនះ។
នេះជាការបរាជ័យសាជាថ្មីរបស់ Man UTD ដោយ១០ប្រកួតចុងក្រោយរបស់ពួកគេនៅក្នុងក្របខណ្ឌ Premier League បានឈ្នះតែ៣ដង ស្មើ១ដង ចាញ់ដល់ទៅ៦ដងទៅហើយ។ ជាមួយលទ្ធផលដ៏អាក្រក់បែបនេះបានធ្វើអោយគ្រូបង្វឹក Man UTD លោក Ruben Amorim យល់ថា ក្រុមដែលលោកកំពុងដឹកនាំជាក្រុមមានភាពទន់ខ្សោយ និង អាក្រក់បំផុតក្នុងប្រវត្តិសាស្ត្រ ១៤៧ឆ្នាំ របស់ក្រុម។
លោក Ruben Amorim បានអោយដឹងដូច្នេះថា “ យើងធ្វើមិនបានល្អសោះ ហើយស្រមៃមើលថា តើក្រុមកំពុងមានសភាពបែបណា ហើយអ្នកគាំទ្រមានអារម្មណ៍ដូចម្តេច។ យើងកំពុងទទួលបានគ្រូបង្វឹកថ្មីដែលចាញ់ច្រើនជាងគ្រូបង្វឹកមុនទៀត។ ខ្ញុំដឹងអំពីរឿងនេះ។ យើងគឺជាក្រុមដែលមានភាពអាក្រក់បំផុតក្នុងប្រវត្តិសាស្ត្ររបស់យើង។”
គ្រូបង្វឹកជនជាតិព័រទុយហ្កាល់បន្តថា “ វាពិបាកពន្យល់ណាស់។ យើងត្រូវទទួលស្គាល់ អ្នករាល់គ្នានៅទីនេះមានសមត្ថភាពខ្សោយ។ វាមិនអាចទទួលយកបានទេក្នុងការចាញ់ការប្រកួតជាច្រើន សម្រាប់ក្រុមនៅក្នុង Premier League ដូចជា Man UTD ។ ដូច្នេះ វាជាពេលវេលាដ៏លំបាកមួយ។ ប៉ុន្តែយើងត្រូវតែបន្តប្រឹងប្រែងដោយមិនមានវិធីផ្សេងទេ។”
បរាជ័យនេះបានធ្វើអោយ Man UTD ធ្លាក់មកលេខ១៣ក្នុងតារាងពិន្ទុ មាន ២៦ពិន្ទុ ខណៈ Brighton នៅលេខ៩ មាន ៣៤ពិន្ទុ៕