ខ្សែប្រយុទ្ធ Erling Haaland បានចុះហត្ថលេខាលើកិច្ចសន្យារយៈពេលវែងថ្មីមួយជាមួយក្លិប Man City ពោលគឺមានរយៈពេលដល់ទៅ១០ឆ្នាំ ដែលនឹងធ្វើអោយរូបគេលេងនាកីឡដ្ឋាន Etihad រហូតដល់ឆ្នាំ ២០៣៤ ។
កីឡាករសញ្ជាតិន័រវេសបានចូលរួមជាមួយក្លិប Man City ដោយផ្ទេរពីក្លិប Borussia Dortmund ក្នុងឆ្នាំ ២០២២ និង ស៊ុតបញ្ចូលទីបាន ១១១ គ្រាប់ក្នុងការបង្ហាញខ្លួន១២៦ប្រកួត ខណៈកិច្ចព្រមព្រៀងពីមុនរបស់ Haaland គឺរួមបញ្ចូលលក្ខខណ្ឌទិញផ្តាច់កុងត្រាដែលនឹងត្រូវផុតកំណត់សុពលភាពនៅឆ្នាំ ២០២៧ ខាងមុខ។
ទោះយ៉ាងណា កិច្ចសន្យាថ្មីរបស់ Haaland នឹងនាំអោយរូបគេមានសុពលភាពជាមួយក្លិប Man City រហូតដល់ថ្ងៃខួបកំណើតអាយុ៣៤ឆ្នាំ ប្រសិនមិនមានអ្វីប្រែប្រួល ហើយសាម៉ីកីឡាករបន្តលេងរហូតដល់រយៈពេល៩ឆ្នាំកន្លះពិតមែននោះ។
កិច្ចព្រមព្រៀងនេះ គឺជាកិច្ចព្រមព្រៀងរយៈពេលយូរបំផុតនៅក្នុងប្រវត្តិសាស្ត្របាល់ទាត់នៃក្របខណ្ឌ Premier League ស្របពេល Haaland ដែលផ្លាស់មកពីក្លិប Borussia Dortmund មកចូលរួមជាមួយនឹងក្លិប Man City នៅក្នុងតម្លៃ ៦០លានអឺរ៉ូ កាលពីឆ្នាំ ២០២២ រូបនេះ ត្រូវបានរាយការណ៍ថាទទួលបានថ្លៃពលកម្មរហូតដល់៥០ម៉ឺនផោន ក្នុងមួយសប្តាហ៍។
រយៈពេលនៃកិច្ចព្រមព្រៀងរបស់ Haaland បានកើនលើសកិច្ចសន្យារយៈពេល ៩ ឆ្នាំដែល Cole Palmer បានចុះហត្ថលេខាផ្ទេរពី Man City មក Chelsea កាលពីខែសីហាឆ្នាំមុន។
Haaland បានក្លាយជាកីឡាករដែលរកបានគ្រាប់បាល់ច្រើនជាងគេទី៣នៅក្របខណ្ឌ Premier League សម្រាប់ Man City ពោលគឺ៧៩គ្រាប់ និង បន្ទាប់ពី Aguero រកបាន ១៨៤គ្រាប់ និង Raheem Sterling រកបាន ៩១គ្រាប់នារដូវកាលដំបូងរបស់គេសម្រាប់ Man City គឺនៅឆ្នាំ ២០២២-២០២៣ Haaland ស៊ុតបញ្ចូលទីបានច្រើនបំផុតរហូតដល់ទៅ៥២ គ្រាប់នៅគ្រប់ក្របខណ្ឌប្រកួតទាំងអស់៕