គ្រូបង្វឹក Liverpool លោក Arne Slot បាននិយាយថា លោកមានបំណងរក្សាលទ្ធផលល្អប្រសើររបស់ក្រុម ដោយចង់រក្សាការឈ្នះ១០០ភាគរយ នៅក្នុងការប្រកួតពានរង្វាន់ UEFA Champions League វគ្គ League Phase។
ជាការពិត ការប្រកួតពានរង្វាន់ UEFA Champions League ទម្រង់ថ្មី នេះ Liverpool ជាក្រុមដែលធ្វើបានល្អជាងគេ ដោយឆ្លងកាត់៦ប្រកួតកន្លងមក ពួកគេជាក្រុមតែ១គត់ ដែលឈ្នះគ្រប់ការប្រកួត។ ក្រុមហង្សក្រហមកំពុងមាន ១៨ពិន្ទុ ឈរកំពូលតារាង តាមពីក្រោយដោយ Barcelona មាន ១៥ពិន្ទុ។
លទ្ធផលនេះ បានធានាអោយក្រុម Liverpool នូវកៅអីទៅកាន់វគ្គ១៦ក្រុមរួចជាស្រេច បើទោះជានៅសល់ការប្រកួតចំនួន២ដងទៀត។ បែបនេះក្តី Liverpool នៅតែមានមហិច្ឆតាធ្វើអោយបានកាន់តែល្អ នោះគឺឈ្នះការប្រកួតទាំងអស់ ដោយយល់ថា វាជាការបង្កើតកំណត់ល្អរបស់ក្រុមផង និង បង្កើនជំនឿចិត្តរបស់ក្រុមក្នុងការប្រកួតជាបន្តផង។
ទាក់ទិននឹងរឿងនេះ គ្រូបង្វឹក Liverpool លោក Arne Slot បានអោយដឹងថា “ខ្ញុំចង់បន្តការឈ្នះរបស់ក្រុមតទៅទៀតក្នុងពានរង្វាន់ UEFA Champions League នេះ។ ការឈ្នះនេះមិនមែនគ្រាន់តែយើងចង់បានពិន្ទុប៉ុណ្ណោះទេ ប៉ុន្តែវាជាការជម្រុញទឹកចិត្តក្រុមរបស់យើងអោយមានការប្រឹងប្រែងកាន់តែខ្លាំង។ យើងរំពឹងថា នឹងមានការប្រកួតដ៏អស្ចារ្យ ហើយយើងក៏នឹងយកឈ្នះការប្រកួតទាំងនោះទៀត ដើម្បីបង្ហាញថា យើងជាក្រុមរឹងមាំប៉ុណ្ណា។”
សូមបញ្ជាក់ថា Liverpool នឹងបន្តការប្រកួត UEFA Champions League ដោយត្រូវប៉ះក្រុមមកពីបារាំង Lille នៅកីឡដ្ឋាន Anfield នៅយប់នេះ៕