សារព័ត៌មាន BBC បានអោយដឹងថា ខ្សែបម្រើ Jakub Moder បានសម្រចចិត្តចាកចេញពីក្លិបអង់គ្លេស Brighton ទៅចូលរួមក្លិបហូឡង់ Feyenoord។
កីឡាករជនជាតិប៉ូឡូញ បានចូលរួមជាមួយ Brighton ដោយផ្ទេរពីក្លិបនៅស្រុកកំណើត Lech Poznań កាលពីឆ្នាំ២០២០ តម្លៃ ៩លានផោន ដោយចុះកុងត្រារយៈពេល ៣ឆ្នាំកន្លះ។
ទោះយ៉ាងណា ការលេងជាមួយ Brighton នេះ Jakub Moder មិនទទួលបានឱកាសលេងច្រើនទេ ដោយរដូវកាលនេះ គេបង្ហាញខ្លួនបានតែ៤ដង ក្នុងក្របខណ្ឌ Premier League ហើយលេងក្នុងនាមជាកីឡាករបម្រុងទៀត។
ក្នុងការចាកចេញរបស់កីឡាករវ័យ២៥ឆ្នាំ ខាងក្លិប Brighton បានចេញសេចក្តីថ្លែងការណ៍ថា “យើងមានការប្រកួតប្រជែងជាច្រើនសម្រាប់កន្លែងក្នុងតំបន់កណ្តាល ហើយ Jakub Moder ចង់លេងអោយបានញឹកញាប់ជាងនេះ។ គេបានជាសះស្បើយពីរបួសជង្គង់ធ្ងន់ធ្ងរ ហើយចង់ពង្រឹងកន្លែងនៅក្នុងក្រុមជម្រើសជាតិប៉ូឡូញ ដូច្នេះការមាននាទីលេងបន្ថែមទៀត ជាអ្វីដែលកីឡាករចង់។”
បន្ទាប់ពីការបង្ហាញខ្លួនក្នុងការប្រកួតលីគ ចំនួន ២៨ លើកសម្រាប់ក្លិប Brighton ក្នុងរដូវកាល ២០២១-២២ Jakub Moder បានទទួលរងរបួសសរសៃពួរដែលបានធ្វើអោយរូបគេខកខានការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ ២០២២ ជាមួយក្រុមប៉ូឡូញ និងអវត្តមានយុទ្ធនាការ ២០២២-២៣ ពេញមួយរដូវកាលថែមទៀត ។
រូបគេទើបតែត្រលប់មក Brighton វិញក្នុងជ័យជំនះ ៣-២ លើ Nottingham Forest ក្នុងខែវិច្ឆិកា ឆ្នាំ ២០២៣ ដោយបន្តលេង ១៩ ដងក្នុងការប្រកួតទាំងអស់កាលពីរដូវកាលមុន៕