ខ្សែការពារ Murillo Santiago បានយល់ព្រមចុះហត្ថលេខ បន្តកិច្ចសន្យារយៈពេល៤ឆ្នាំបន្ថែមទៀត ជាមួយ Nottingham Forest ដែលនឹងធ្វើអោយរូបគេលេងនាកីឡដ្ឋាន City Ground រហូតដល់ឆ្នាំ២០២៩។
កីឡាករវ័យ២២ឆ្នាំបានចូលរួមជាមួយ Nottingham Forest ដោយផ្លាស់មកពីក្លិបប្រេស៊ីល Corinthians កាលពីខែសីហាឆ្នាំ២០២៣ជាមួយកិច្ចសន្យារយៈពេល៥ឆ្នាំតម្លៃ១៥លានផោន។
រូបគេបានក្លាយជាកីឡាករសំខាន់មួយរូប ក្រោមការដឹកនាំ របស់គ្រូបង្វឹកលោក Nuno Espírito Santo ដោយបានបង្ហាញខ្លួន ២១ប្រកួត ក្នុងក្របខណ្ឌ Premier League រដូវកាលនេះ របស់ក្រុម Nottingham Forest។
ដោយសារគុណផលដ៏ល្អរបស់ កីឡាករប្រេស៊ីលបានធ្វើអោយ Nottingham Forest សម្រេចបន្តកិច្ចសន្យាថ្មីដល់រូបគេ។
Nottingham Forest បច្ចុប្បន្នកំពុងឈរលេខ៣ ក្នុងតារាងពិន្ទុ Premier League មាន៤៤ពិន្ទុ ពី២២ប្រកួត ស្មើពិន្ទុក្រុមលេខ២ Arsenal និងតិចជាង ៦ពិន្ទុពីក្រុមកំពូលតារាង Liverpool។
ការសម្រេចបន្តកិច្ចសន្យាថ្មីអោយ Murillo Santiago នេះដែរ គឺ Nottingham Forest ចង់ផ្តាច់ការចាប់អារម្មណ៍ពីក្លិបធំៗនានា ខណៈកន្លងមករូបគេ ត្រូវបានផ្សារភ្ជាប់ការផ្លាស់ទៅកាន់ Liverpool ក៏ដូចជា Real Madrid ផងដែរ៕