ក្រុម Chelsea បានទទួលជ័យជំនះនៅក្នុងការប្រកួតក្របខណ្ឌ Premier League សប្តាហ៍ទី២២របស់ខ្លួន ដោយបានយកឈ្នះទៅលើក្រុម Wolverhampton នាកីឡដ្ឋាន Stamford Bridge កាលពីយប់មិញ។
ការប្រកួតនេះ ក្រុមតោខៀវដែលជាម្ចាស់ផ្ទះ ត្រូវបានមើលឃើញថា បានគ្រប់គ្រងស្ថានការណ៍ល្អមែនទែន ដោយអាចរក្សាការគ្រប់គ្រងបាល់ដល់ទៅ ៦២ភាគរយ ខណៈពួកគេមានឱកាសស៊ុតដល់ទៅ១៩ដង រីឯក្រុមចចកដែលជាភ្ញៀវ មានឱកាសស៊ុតបាល់តែ៩ដង។
លេងបាន២៤នាទី Tosin Adarabioyo ក៏បានរកគ្រាប់បាល់ជួយអោយក្រុម Chelsea នាំមុខបានមុន ប៉ុន្តែនៅនាទី៤៥+៥ Matt Doherty បានរកគ្រាប់បាល់តាមស្មើអោយ Wolverhampton មុនបញ្ចប់វគ្គទី១។
នៅក្នុងវគ្គទី២វិញ Chelsea រឹតតែធ្វើបានល្អជាងមុន ដោយបានគាបសង្គត់គូប្រកួតរបស់ខ្លួន ហើយអាចរកបានគ្រាប់បាល់២គ្រាប់បន្ថែមទៀត ធ្វើបានដោយ Marc Cucurella នៅនាទី ៦០ និង Noni Madueke នៅនាទី៦៥។ នាទីដែលនៅសល់មិនមានគ្រាប់បាល់ត្រូវទម្លាយសំណាញ់ទីទៀតនោះទេ ទើបលទ្ធផល Chelsea ២ Wolverhampton បានបន្តដល់ចប់ការប្រកួត។
ជាមួយនឹងទម្រង់លេងល្អរបស់កូនក្រុមបានធ្វើអោយគ្រូបង្វឹក Chelsea លោក Enzo Maresca មានការពេញចិត្តជាពិសេសទៅលើការគ្រប់គ្រងបាល់ និង ការស៊ុតគ្រាប់បាល់ ដើម្បីរកជ័យជំនះដំបូងមកវិញ ក្នុង៥ប្រកួតចុងក្រោយរបស់ពួកគេនៅក្របខណ្ឌ Premier League ។
លោក Enzo Maresca បានអោយដឹងក្រោយចប់ការប្រកួតថា “ខ្ញុំមានការពេញចិត្តចំពោះការលេងរបស់កីឡាករនៅពេលនេះ។ នៅវគ្គទី១ ទម្រង់លេងរបស់យើងពិតជាល្អ ហើយបើទោះជាយើងបានបាត់បង់ទំនុកចិត្តបន្តិច ប៉ុន្តែយើងបានស្វែងរកវាមកវិញ ហើយអាចរក្សាស្ថានការណ៍ល្អបន្តទៀត។ នៅវគ្គទី២ គ្រប់យ៉ាងកាន់ល្អប្រសើរ ហើយកីឡាករលេងដោយជឿជាក់ ដើម្បីស្វែងរកគ្រាប់បាល់ និង ជ័យជំនះនៅទីបំផុត។”
សម្រាប់ជ័យជំនះនេះដែរ បានធ្វើអោយ Chelsea ឡើងមកឈរលេខ៤ ក្នុងតារាងពិន្ទុ Premier League មាន ៤០ពិន្ទុ។ រីឯ Wolverhampton នៅលេខ១៧ មាន ១៦ពិន្ទុ ស្មើពិន្ទុក្រុមតំបន់កាត់ចោលលេខ១៧ Ipswich Town ៕