ក្លិប Man City បានទិញយកខ្សែការពារកណ្តាល Abdukodir Khusanov ពីក្លិបបារាំង Lens តម្លៃ ៣៣,៦ លានផោន ដែលជាតម្លៃបានបូករួមការចំណាយផ្សេងៗរួចរាល់។
កីឡាករជនជាតិអ៊ូបេគីស្ថាន បានចុះកិច្ចសន្យាលេងនាកីឡដ្ឋាន Etihad ចំនួន៤ឆ្នាំកន្លះ ពោលគឺរហូតដល់ឆ្នាំ ២០២៩។
ក្លិប Lens បានចំណាយត្រឹមតែជា ៨ម៉ឺន ៤ពាន់ផោន ក្នុងការនាំយក Abdukodir Khusanov មកចូលរួមជាមួយពួកគេ ពីក្លិបបេឡារុស Energetik-BGU កាលពី១៨ខែមុន។
ទោះយ៉ាងណា កីឡាករវ័យ២០ឆ្នាំបានបង្ហាញពីភាពរីកចម្រើនយ៉ាងរហ័ស សឹងមិនគួរអោយ ជឿ និងបានបង្ហាញខ្លួន១៦ប្រកួតសម្រាប់ក្លិបនៅក្របខណ្ឌ Ligue 1 នៅរដូវកាលនេះ ដោយបានស៊ុតបញ្ចូលទីដំបូងរបស់ខ្លួនក្នុងការប្រកួតដែលស្មើ Paris St-Germain ក្នុងពានរង្វាន់ French Cup កាលពីខែធ្នូ។
Abdukodir Khusanov ដែលបានបង្ហាញខ្លួន១៨ដងសម្រាប់ក្រុមជម្រើសជាតិអ៊ូបេគីស្ថានក៏នឹងក្លាយជាកីឡាករជនជាតិអ៊ូបេគីស្ថានដំបូងគេ ដែលបង្ហាញខ្លួននៅក្របខណ្ឌ Premier League។
ដោយឡែក នាយកផ្នែកកីឡារបស់ក្លិប Man City លោក Txiki Begiristain បាននិយាយថា Abdukodir Khusanov គឺជាកីឡាករដែលមានភាពវ័យឆ្លាត រឹងមាំ ហើយមានភាពបត់បែនរហ័សរហួន ដែលជាការបន្ថែមយ៉ាងល្អសម្រាប់ក្រុមមេឃខៀវ។
ការនាំយកកីឡាករ Abdukodir Khusanov នេះដែរ គឺជាផ្នែកមួយរបស់គ្រូបង្វឹក Man City លោក Pep Guardiola ក្នុងការពង្រឹងក្រុមឡើងវិញ នៅក្នុងទីផ្សារដោះដូរកីឡាកររដូវរងានេះ ក្រោយពីក្រុមមានភាពយ៉ាប់យ៉ឺនជួបលទ្ធផលមិនល្អនាពេលកន្លងមក។ ក្រុមការពារតំណែងជើងឯក Premier League មួយនេះ កំពុងឈរលេខ៥ក្នុងតារាងពិន្ទុ មាន៣៨ពិន្ទុក្រោយឆ្លងកាត់ ២២ប្រកួត ឃ្លាតពីក្រុមកំពូលតារាង Liverpool ដល់ទៅ ១២ពិន្ទុ ស្របពេល Liverpool លេងយឺតជាង១ប្រកួតថែមទៀត៕