×

Man City ទិញបានកីឡាករទី២ ពីទីផ្សារដោះដូរខែមករា

ក្លិប Man City បានបំពេញការផ្ទេរយកខ្សែការពារវ័យក្មេង Vitor Reis ពីក្លិបប្រេស៊ីល Palmeiras តម្លៃ ២៩,៦ លានផោន។ នេះបើតាមការផ្សព្វផ្សាយពីសារពត៌មាន BBC។

កីឡាករវ័យ ១៩ឆ្នាំ បានចុះកុងត្រារយៈពេល៤ឆ្នាំកន្លះ ក្នុងការលេងនាកីឡដ្ឋាន Etihad។

Vitor Reis ជាខ្សែការពារកណ្តាលដែលមានជំនាញជើងស្តាំជាពិសេសហើយរូបគេបានបង្ហាញខ្លួនចំនួន ២២ប្រកួត សម្រាប់ Palmeiras និងបានលេងអោយក្រុមបាល់ទាត់ជម្រើសជាតិប្រេស៊ីល យុវជនអាយុក្រោម១៧ឆ្នាំ បានចំនួន៩ដងផងដែរ។

មែនទែនទៅ ក្លិប Palmeiras សង្ឃឹមថា នឹងអាចរក្សា Vitor Reis អោយលេងជាមួយពួកគេក្នុងនាមជាកីឡាករខ្ចីជើងរហូតដល់ដាច់រដូវកាលនេះ ប៉ុន្តែខាងក្លិប Man City បានទាមទារដាច់ខាតអោយកីឡាករត្រូវតែធ្វើដំណើរមកអង់គ្លេសនៅក្នុងខែនេះ។

ជាមួយនឹងការទទួលបានឱកាសលេងជាមួយក្លិបល្បីល្បាញដូចជា Man City នេះ សាមីកីឡាករ Vitor Reis បានបញ្ចេញពីអារម្មណ៍របស់ខ្លួនថា “ ខ្ញុំមានភាពរំភើបរីករាយណាស់។ នេះវាប្រៀបដូចជាសុបិន បានក្លាយជាការពិត ព្រោះតាំងពីក្មេងមកខ្ញុំតែងចង់លេងបាល់ទាត់ជាមួយក្លិបធំៗ និងមានឱកាសខ្ពស់ ដូចជា Man City នេះជាដើម។”

Vitor Reis បន្តថា “ទំហំនៃក្លិប Man City ប្រវត្តិ និងរចនាសម្ព័ន្ធរបស់ក្លិបគឺអស្ចារ្យ។ នៅពេលដែលដឹងថាបានចូលរួមជាមួយ Man City ខ្ញុំដឹងថាមិនមានក្លិបណាផ្សេងទៀតដែលខ្ញុំត្រូវទៅនោះទេ។”

កីឡាករប្រេស៊ីលរូបនេះ បានក្លាយជាកីឡាករទី២ ដែល Man City បានទិញចូលនៅក្នុងទីផ្សារដោះដូរកីឡាករខែមករានេះ បន្ទាប់ពីពួកគេទើបតែនាំចូលខ្សែការពារជនជាតិអ៊ូបេគីស្ថាន Abdukodir Khusanov ពីក្លិប Lens កាលពីពេលថ្មីៗនេះប៉ុណ្ណោះ។ ការនាំចូលកីឡាករជាបន្តបន្ទាប់នេះ ជាផ្នែកមួយដែល Man City កំពុងកសាងក្រុមឡើងវិញ ក្រោយមានបញ្ហារបួសកីឡាករខ្សែការពារជាច្រើនរូបរួចមក។

ដោយឡែក Man City ក៏ត្រូវបានដឹងថាកំពុងព្យាយាមនាំយកខ្សែប្រយុទ្ធអេហ្ស៊ីប Omar Marmoush ពីក្លិប Eintracht Frankfurt មុនទីផ្សារត្រូវបិទទ្វារ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង