ក្លិប Aston Villa នៃក្របខណ្ឌ Premier League បានយល់ព្រមក្នុងការលក់ខ្សែការពារ Diego Carlos ទៅកាន់ក្លិប Fenerbahce នៃក្របខណ្ឌ Süper Lig ។ នេះបើតាមការប្រកាសរបស់ក្លិប។
កីឡាករប្រេស៊ីល ដែលចូលរួមជាមួយ Aston Villa ក្រោយផ្លាស់មកពី Sevilla នៅក្នុងឆ្នាំ២០២២នោះ បានបញ្ជាក់លើគណនីយសង្គមរបស់គេថា រូបគេកំពុងធ្វើដំណើរទៅកាន់ទីក្រុង Istanbul ប្រទេសតួកគី ដើម្បីបំពេញការផ្ទេរ។
Fenerbahce ត្រូវបានរាយការណ៍ថា បានចំណាយប្រមាណ ១០លានអឺរ៉ូ សម្រាប់ការទិញយកកីឡាករវ័យ៣១ឆ្នាំ។
Diego Carlos បានបង្ហាញខ្លួន នៅក្នុងការប្រកួតបានចំនួន ៥៨ដង សម្រាប់ Aston Villa និងរកគ្រាប់បញ្ចូលទីបាន១គ្រាប់ផងដែរ ចាប់តាំងពីការចូលរួមរបស់គេ ប៉ុន្តែរដូវកាលនេះ រូបគេមិនស្ថិតក្នុងគម្រោងរបស់គ្រូបង្វឹកលោក Unai Emery ទៀតទេ។
ប្រកាសអោយដឹងតាមរយៈបណ្តាញសង្គម X ក្លិប Fenerbahce បានរាយរ៉ាប់ដូច្នេះ “ ក្លិបរបស់យើង បានឈានដល់កិច្ចព្រមព្រៀង នៅក្នុងការផ្ទេរយកខ្សែការពារល្អមួយរូបនោះគឺ Diego Carlos របស់ Aston Villa។ កីឡាកររូបនេះ ត្រូវបានអញ្ជើញអោយធ្វើដំណើរមកពិនិត្យសុខភាពជាមួយក្លិប នៅទីក្រុង Istanbul ហើយការចរចានានាដើម្បីបញ្ចប់ការផ្ទេរនឹងធ្វើឡើងបន្ទាប់ពីនោះ។”
Fenerbahce បច្ចុប្បន្នកំពុងដឹកនាំដោយអតីតគ្រូបង្វឹក Chelsea, Man UTD និង Tottenham Hotspur លោក José Mourinho ដោយកំពុងប្រដេញយកជើងឯកពានរង្វាន់ Süper Lig យ៉ាងប្រកៀកប្រកិត។
ពួកគេបច្ចុប្បន្នកំពុងឈរលេខ២ក្នុងតារាងពិន្ទុ មាន៤៥ពិន្ទុ ក្រោយឆ្លងកាត់១៩ប្រកួត តិចជាងពិន្ទុក្រុមកំពូលតារាង Galatasaray ចំនួន៦ ពិន្ទុ ក្រោយឆ្លងកាត់ ១៩ប្រកួតដូចគ្នា៕