×

យុវជនមួយរូបត្រូវចាប់ខ្លួនករណីបង្ហោះសារគម្រាមខ្សែប្រយុទ្ធ Kai Havertz

ប៉ូលីសនៅអង់គ្លេសបានចាប់ខ្លួនយុវជនមួយរូបករណីបង្ហោះសារគម្រាមកំហែងដល់ខ្សែប្រយុទ្ធ Kai Havertz ភរិយា រួមទាំងក្រុមគ្រួសាររបស់កីឡាករថែមទៀត។

គួររំឮកថា បន្ទាប់ពី Kai Havertz ស៊ុតបាល់វគ្គកាត់សេចក្តី ១១ម៉ែត្រ មិនចូលដែលធ្វើអោយ Arsenal ធ្លាក់ចេញពីការប្រកួតពានរង្វាន់ FA Cup ក្រោមថ្វីជើង Man UTD នោះ ស្រាប់តែ ភរិយារបស់គេនាង Sophia Havertz បានទម្លាយសារគំរាមដែលទទួលបានពីគណនីមិនស្គាល់មុខមួយចំនួនលើបណ្តាញសង្គម ដោយថា Kai Havertz ជាមូលហេតុធ្វើអោយក្រុមកាំភ្លើងធំមិនអាចឡើងវគ្គបន្តបាន។

ការប្រកួតរយៈពេល ១២០នាទី រវាងក្រុមម្ចាស់ផ្ទះ Arsenal ប្រកួតបានត្រឹមលទ្ធផលស្មើ ១-១ ទល់នឹងក្រុម Man UTD ដែលមានកីឡាករក្នុងទីលានត្រឹម ១០នាក់។ Arsenal ចាញ់លទ្ធផល ៥-៣ នៅការស៊ុតបាល់ ១១ម៉ែត្រកាត់សេចក្តី ក្នុងកីឡដ្ឋាន Emirate ហើយគ្រាប់បាល់ដែលត្រូវបានអ្នកចាំទីសង្គ្រោះបាន គឺជាការស៊ុតរបស់ Kai Kavertz។ នៅក្នុងការប្រកួតដដែលនោះ កីឡាករអាល្លឺម៉ង់ ក៏ខកខានឱកាសស៊ុតបញ្ចូលទីល្អៗប៉ុន្មានលើកផងដែរ។

ចាប់តាំងពីពេលនោះមក Kai Havertz តែងរងការរិះគន់ពីអ្នកគាំទ្រ ហើយប្រពន្ធរបស់គេ នាង Sophia Havertz ក៏តែងតែទទួលបានសាររិះគន់ ស្តីបន្ទោស និងគំរាមកំហែងផ្សេងៗលើរូបនាង និងក្រុមគ្រួសារ។ថ្មីៗនេះ នាង Sophia Havertz បានបង្ហោះទម្លាយសារគំរាមកំហែង ដែលទទួលបានទាំងនោះនៅលើបណ្តាញសង្គមពីជនមិនស្គាល់មុខ។ សារទាំងនោះបានគំរាមកំហែង រហូតដល់អាយុជីវិតក្រុមគ្រួសារ របស់នាងនិងកីឡាករ វ័យ២៥ឆ្នាំថែមទៀត។

ឥឡួវនេះ យុវជនដែលមិនត្រូវបានបញ្ចេញឈ្មោះ មានវ័យ១៧ឆ្នាំមួយរូបនៅតំបន់ St Albans ត្រូវបានចាប់ខ្លួនពាក់ព័ន្ធករណីខាងលើ ហើយរូបគេនឹងត្រូវស៊ើបអង្កេតបន្តដើម្បីផ្តន្ទាទោសផងដែរ។ ទៅលើករណីនេះ ក្លិប Arsenal ក៏បានប្រកាសថាខ្លួននឹងបើកការស៊ើបអង្កេតស្វែងរកជនបង្កដទៃទៀតដែលនៅពីក្រោយគណនីក្លែងបន្លំទាំងនោះ បន្ទាប់ពួកគេបានផ្ញើសារគំរាមដល់ក្រុមគ្រួសាររបស់ Kai Havertz៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង