×

គ្រូ Paris Saint Germain ថា ក្រុមសម្រេចបានជោគជ័យធំមួយក្រោយឈ្នះ Man City

ក្រុម Paris Saint Germain បានវាយបកយកឈ្នះទៅលើក្រុម Man City ក្នុងលទ្ធផល ៤-២ នៅក្នុងការប្រកួតទី៧ ពានរង្វាន់ UEFA Champions League វគ្គ League Phase។

ជំនួបដែលធ្វើឡើងនាកីឡដ្ឋាន Parc des Princes ក្រុមម្ចាស់ផ្ទះ Paris Saint Germain ត្រូវបានមើលឃើញថា លេងបានល្អជាងក្រុមភ្ញៀវ Man City ទាំងស្ថិតិនៃការគ្រប់គ្រងគ្រាប់បាល់ និង ឱកាសនៃការស៊ុតបាល់។ Paris Saint Germain ស្ទើរតែនាំមុខទៅហើយនៅចុងវគ្គទី១ ដោយ គ្រាប់បាល់របស់ Achraf Hakimi ប៉ុន្តែត្រូវបានបដិសេធដោយ VAR ដែលធ្វើអោយវគ្គទី១បញ្ចប់ដោយលទ្ធផល ០-០។

នៅវគ្គទី២ Man City បានវាយសម្រុកហើយក៏ឆក់បានឱកាសល្អ រកគ្រាប់បាល់បញ្ចូលទី បាន២គ្រាប់មុន ដោយ Jack Grealish នៅនាទី៥០ និង Erling Haaland នៅនាទី៥៣។ យ៉ាងណា Paris Saint Germain បានបង្ហាញពីការវាយបកយ៉ាងល្អហើយក៏រកបាន៤គ្រាប់ផ្ទួនៗគ្នា ធ្វើបានដោយ Ousmane Dembélé នៅនាទី ៥៦ Bradley Barcola នៅនាទី៦០ João Neves នៅនាទី ៧៨ និង Gonçalo Ramos នៅនាទី ៩០+៣ ដើម្បីបញ្ចប់ការប្រកួតដោយជោគជ័យ។

ជាមួយជ័យជំនះនេះដែរ ត្រូវបានគ្រូបង្វឹក Paris Saint Germain លោក Luis Enrique មានភាពរីករាយ និង ថាវាជាការឈ្នះដ៏ធំមួយដែលក្រុមសម្រេចបាន។

លោក Luis Enrique បានថ្លែងអោយដឹងថា “ វាជារឿងរីករាយក្នុងការតំណាងអោយកីឡាកររបស់ខ្ញុំ។ ថ្ងៃនេះពួកគេមានការលេងដ៏អស្ចារ្យ ហើយខ្ញុំមើលឃើញថា ពួកគេជឿជាក់ទៅលើការខិតខំ ហើយការខិតខំនេះហើយនឹងធ្វើអោយគ្រប់យ៉ាងអាចធ្វើទៅបាន។ ហើយជាការពិតណាស់ ខ្ញុំសូមអបអរសាទរដល់កីឡាកររបស់ខ្ញុំ ដែលសម្រេចជោគជ័យដ៏ធំនេះ។”

Paris Saint-Germain បច្ចុប្បន្ននៅឈរលេខ ២២ មាន១០ពិន្ទុ ខណៈ Man City នៅឈរលេខ២៥ ដែលជាតំបន់គ្មានកៅអីទៅជុំបន្ត។ Man City ត្រូវតែឈ្នះដាច់ខាតនៅប្រកួតចុងក្រោយទល់ក្រុម Club Brugge របស់ បែលហ្ស៊ិក ដើម្បីបានបន្តឱកាសបានទៅកាន់វគ្គ១៦ក្រុមចុងក្រោយ។Man City មានតែ៨ពិន្ទុប៉ុណ្ណោះ ខណៈClub Brugge មាន១១ពិន្ទុស្ថិតនៅក្នុងតំបន់ Play Off នៃ១៦ក្រុមក្នុងចន្លោះលេខ៩ដល់លេខ២៤។ ហេតុដូច្នេះបើសិន Man City ឈ្នះ នៅប្រកួតចុងក្រោយពួកគេនឹងឡើងទៅកាន់វគ្គ Play Off តែបើសិនចាញ់ឬស្មើគឺនឹងធ្លាក់ហើយ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង