×

Borussia Dortmund បញ្ចប់តំណែងគ្រូបង្វឹកលោក Nuri Sahin

ក្លិបអាល្លឺម៉ង់ Borussia Dortmund បានបណ្តេញគ្រូបង្វឹក Nuri Sahin ចេញពីតំណែង បន្ទាប់ពីពួកគេប្រកួតចាញ់ក្លិបអ៊ីតាលី Bologna នៅក្នុងពានរង្វាន់ UEFA Champions League ។

ជាការពិត Borussia Dortmund បានចាញ់ Bologna ដោយលទ្ធផល ២-១ ដែលធ្វើអោយពួកគេ ឈរក្នុងចំណាត់ថ្នាក់លេខ១៤ នៃពានរង្វាន់ UEFA Champions League វគ្គ League Phase ក្រោយឆ្លងកាត់៧ប្រកួត។ បរាជ័យនេះ មានន័យថា Dortmund បានចាញ់ការប្រកួត UEFA Champions League ២ដងជាប់គ្នាជាលើកដំបូងក្នុងរដូវកាលតែមួយ ចាប់តាំងពីខែវិច្ឆិកា ឆ្នាំ ២០២១។ វាក៏ជាការបរាជ័យជាលើកទី៤ជាប់ៗគ្នានៅគ្រប់ការប្រកួតទាំងអស់ ដែលជាកំណត់ត្រាអាក្រក់របស់ Borussia Dortmund ក្នុងរយៈពេល៣០ឆ្នាំ។

ក្នុងការប្រកួតលីគកំពូលអាល្លឺម៉ង់វិញ Dortmund ក៏ជួបបញ្ហាច្រើនដែរ។ ពួកគេកំពុងឈរនៅលេខរៀងទី ១០ ក្នុងតារាងពិន្ទុក្របខណ្ឌ Bundesliga មាន២៥ពិន្ទុ ឃ្លាត៧ពិន្ទុពីកៅអីចំណាត់ថ្នាក់កំពូលទាំង៤ ក្រោយឆ្លងកាត់ការប្រកួត១៨ដងរួចមក នៅរដូវកាលនេះ។

ក្រោមការដឹកនាំរបស់លោក Nuri Sahin វ័យ៣៦ឆ្នាំ Borussia Dortmund ក៏បានរបូតពានរង្វាន់ DFB-Pokal ដោយចាញ់ Wolfsburg កាលពីខែតុលា។ លោក Nuri Sahin ត្រូវបានតែងតាំងជាគ្រូបង្វឹករបស់ Borussia Dortmund កាលពីខែមិថុនាឆ្នាំមុន ដោយចូលកាន់តំណែងបន្តពីលោក Edin Terzic ដែលការប្រកួតចុងក្រោយរបស់លោកគឺជាការដឹកនាំនៅវគ្គផ្តាច់ព្រ័ត្រ UEFA Champions League ដោយបានចាញ់ Real Madrid ២-០ នៅកីឡដ្ឋាន Wembley ។ លោក Nuri Sahin បានដឹកនាំ Dortmund បាន ២៧ ប្រកួត ឈ្នះ ១២ ប្រកួត ស្មើ ៤ ចាញ់ ១១ដង ។

Borussia Dortmund នឹងត្រូវប្រកួតក្របខណ្ឌ Bundesliga បន្ទាប់របស់ពួកគេ ដោយត្រូវជួប Werder Bremen នៅ កីឡដ្ឋាន Signal Iduna Park នៅចុងសប្តាហ៍នេះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង