×

Everton ចាប់អារម្មណ៍ចង់ផ្ទេរយកខ្សែបម្រើ Marcus Edwards ពី Sporting CP

ក្លិប Everton បានធ្វើការសួរអំពីលក្ខខណ្ឌនៃការចុះហត្ថលេខាលើខ្សែបម្រើស្លាប Marcus Edwards របស់ក្លិប Sporting CP។ នេះបើតាមការផ្សព្វផ្សាយពីសារពត៌មាន Caught Offside។

កីឡាករអង់គ្លេសនៅរដូវកាលនេះមិនស្ថិតក្នុងគម្រោងរបស់គ្រូបង្វឹកថ្មីលោក Rui Borges ដោយបង្ហាញខ្លួនបានតែ១០ប្រកួតនៅគ្រប់កម្មវិធី ស្របពេលក្លិបបង្ហាញចេតនាចង់លក់កីឡាករចេញ។

មានការជឿថា Sporting CP នឹងលក់កីឡាករវ័យ២៦ឆ្នាំ ក្នុងតម្លៃ ១២ លានអឺរ៉ូ ហើយបើមិនអាចបញ្ចេញរូបគេនៅទីផ្សាររដូវរងាទេ ក្លិបក៏ត្រូវតែលក់កីឡាករអោយបាននៅដំណាច់រដូវកាលនេះដែរ។

Marcus Edwards ធ្លាប់មានកំណត់ត្រាគួរអោយចាប់អារម្មណ៍ជាមួយ Sporting CP ដោយបានបង្ហាញខ្លួន១២០ប្រកួត ស៊ុតបាន២៤គ្រាប់ ប៉ុន្តែពេលវេលានៃការប្រកួតរបស់គេបានធ្លាក់ចុះយ៉ាងខ្លាំងនៅរដូវកាលនេះ ដោយលេងត្រឹមតែ ៣៤៦ នាទីប៉ុណ្ណោះគ្រប់ការប្រកួតទាំងអស់។

រូបគេត្រូវបានជំនួសដោយ Conrad Harder និង Geovany Quenda ដែលពួកគេទាំងធ្លាប់ជាកីឡាករត្រូវបានសម្លឹងមើលឃើញដោយ Chelsea និង Manchester United។

សម្រាប់ Everton វិញ ការដែលពួកគេចាប់អារម្មណ៍ទៅលើ Marcus Edwards នេះ ក៏ដោយសារក្លិបដឹងថា ពួកគេទំនងមិនអាចអូសទាញខ្សែបម្រើជនជាតិហ្កាណា Ernest Nuamah អោយចាកចេញពីក្លិប Lyon នោះទេ។

ដូច្នេះហើយ Marcus Edwards អាចជាជម្រើសដ៏ល្អរបស់ Everton ក្នុងការនាំយកកីឡាករថ្មីមកចូលរួមនៅទីផ្សារដោះដូរខែមករានេះ ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង