×

Aston Villa ទិញបានកីឡាករទី២ ក្នុងទីផ្សារដោះដូរកីឡាករខែមករា

ក្លិប Aston Villa បានបញ្ចប់ដោយជោគជ័យនូវការចុះហត្ថលេខា នាំយកខ្សែការពារ Andres Garcia ពីក្លិបអេស្ប៉ាញ Levante ។ នេះបើតាមការប្រកាសរបស់ក្លិបនៅក្របខណ្ឌ Premier League។

កីឡាករវ័យ២១ឆ្នាំ បានចូលរួមជាមួយ Levante តាំងពីជាកីឡាករយុវជន និង បានដំឡើងមកកាន់ក្រុមឈុតធំនៅឆ្នាំ២០២២ ដោយបានបង្ហាញខ្លួន៥០ ប្រកួត ស៊ុតបញ្ចូលទីបាន៤គ្រាប់ផងដែរ ដោយក្នុងនោះមាន៣គ្រាប់បានស៊ុតបញ្ចូលទីក្នុងការប្រកួតរដូវកាល ២០២៤-២៥ នេះ ដែលធ្វើអោយរូបគេក្លាយជាកីឡាករស្ថិតក្នុងជម្រើសដំបូងបានទៀងទាត់។

សមត្ថភាពរបស់ Andres Garcia បានធ្វើអោយ Aston Villa ចាប់អារម្មណ៍ និងបានដាក់សំណើចរចាយករូបគេ មកបានសម្រេច ដោយក្លិបនៅលីគកំពូលអង់គ្លេស ត្រូវចំណាយអស់ ៦លានផោន បូករួមថ្លៃចំណាយផ្សេងៗ ១លានផោនទៀត។

កីឡាករអេស្ប៉ាញរូបនេះបានលេងជាខ្សែការពារយ៉ាងច្រើនក្នុងអាជីពរបស់ខ្លួន ប៉ុន្តែពេលខ្លះក៏បានលេងនៅតួនាទីជាខ្សែបម្រើស្លាបស្តាំផងដែរ។

Andres Garcia គឺជាកីឡាករទី២ដែល Aston Villa បានទិញចូលក្នុងទីផ្សារដោះដូរកីឡាករខែមករានេះ បន្ទាប់ពីការនាំយក ខ្សែប្រយុទ្ធជនជាតិហូឡង់ Donyell Malen ពីក្លិបអាល្លឺម៉ង់ Borussia Dortmund តម្លៃ ១៩លានផោនរួចមក។

ការមកដល់របស់ Donyell Malen គឺចំពេលដែល Aston Villa បានបញ្ចេញ Jaden Philogene ទៅកាន់ក្លិបរួមលីគ Ipswich Town តម្លៃ ២០លានផោន កាលពីពេលថ្មីៗកន្លងទៅ។
Aston Villa បច្ចុប្បន្នកំពុងឈរលេខ៨ក្នុងតារាងពិន្ទុក្របខណ្ឌ Premier League ដោយមាន ៣៦ពិន្ទុ ក្រោយឆ្លងកាត់ ២២ប្រកួតរួចមក៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង