សារព័ត៌មាន Talksport បានរាយការណ៍អោយដឹងថា ក្លិប Southampton បានធ្វើការបដិសេធសំណើពីក្លិបចំនួន២នៅក្របខណ្ឌ Premier League ជាមួយគ្នា ក្នុងការទិញយកខ្សែបម្រើ Tyler Dibling។
ក្លិបទាំង២ដែលត្រូវបានដឹងថា ចាប់អារម្មណ៍កីឡាករវ័យ១៨ឆ្នាំ នោះគឺ Tottenham Hotspur និង Newcastle United ដោយបានចរចាចង់បានកីឡាករនៅក្នុងទីផ្សារដោះដូរខែមករានេះ។
Tyler Dibling មានកុងត្រានៅសល់ចំនួន២ឆ្នាំទៀត ហើយរូបគេជាកីឡាករសំខាន់របស់ Southampton ដែលបានបង្ហាញខ្លួន ២៩ដង គ្រប់ការប្រកួតរដូវកាលនេះ និងបានស៊ុតបញ្ចូលទី៤ដង ព្រមទាំងចែកបាល់សម្រេចទី២ដង ផងដែរ។
Southampton កំពុងតស៊ូយ៉ាងលំបាក ក្នុងការព្យាយាមរក្សាកៅអីអោយបាននៅក្របខណ្ឌ Premier League ខណៈពេលនេះ ពួកគេបានស្ថិតបាតតារាងលេខ២០ មានតែ៦ពិន្ទុ ក្រោយឆ្លងកាត់២២ប្រកួត ឃ្លាតពីតំបន់សុវត្ថិភាពដល់ទៅ ១០ពិន្ទុ។
ព្រោះមានស្ថានការណ៍ដ៏អាក្រក់បែបនេះហើយ ទើប Southampton មិនចង់បញ្ចេញកីឡាករបន្ថែម ដែលពួកគេយល់ថា អាចជួយស្រោចស្រង់ចេញនោះទេ។
មួយវិញទៀត ក្លិបទើបតែបញ្ចេញកីឡាករដល់ទៅ៣រូបរួចទៅហើយ នៅក្នុងទីផ្សារដោះដូរកីឡាករខែមករានេះ។
ដោយឡែក ក្រៅពី Tottenham Hotspur និង Newcastle United ហើយ Tyler Dibling ក៏ត្រូវបានដឹងថា បានទទួលការចាប់អារម្មណ៍ពីក្លិប អាល្លឺម៉ង់ RB Leipzig និងបានដាក់សំណើទៅចរចា តែក៏ត្រូវបាន Southampton បដិសេធដូចគ្នា៕