×

ខ្សែប្រយុទ្ធ Dominic Solanke នឹងអវត្តមាន៦សប្តាហ៍ព្រោះរបួសជង្គង់

ខ្សែប្រយុទ្ធ Dominic Solanke របស់ Tottenham Hotspur នឹងអវត្តមានប្រមាណ ៦សប្តាហ៍ព្រោះរបួសជង្គង់។ នេះបើតាមការប្រកាសអោយដឹងពីគ្រូបង្វឹកលោក Ange Postecoglou។

កីឡាករវ័យ២៧ឆ្នាំ គឺជាកីឡាករ១រូបក្នុងចំណោម១៤រូប ដែលបានអវត្តមានក្នុងការប្រកួត Tottenham Hotspur យកឈ្នះ Hoffenheim ដោយលទ្ធផល ៣-២ នៅពានរង្វាន់ UEFA Europa League កាលពីពេលថ្មីៗនេះ។

ស្ថានភាពរបួសរបស់ Dominic Solanke ត្រូវបានលោក Ange Postecoglou យល់ថា រូបគេនឹងអវត្តមានពីការប្រកួតរបស់ Tottenham Hotspur រហូតដល់ខែមីនា ដែលមានន័យថា រូបគេនឹងអវត្តមានការប្រកួតសំខាន់ទល់នឹង Liverpool នៅជើងទី២វគ្គ៤ក្រុមចុងក្រោយពានរង្វាន់ EFL Cup រួមទាំងការប្រកួតក្របខណ្ឌ Premier League ជាច្រើនប្រកួតទៀត។

លោក Ange Postecoglou បានអោយដឹងដូច្នេះ “ជាមួយនឹងស្ថានភាពរបស់ Dominic Solanke នៅពេលនេះ យើងអាចយល់បានថា រូបគេនឹងអវត្តមានប្រហែល ៦សប្តាហ៍។ របួសនោះ មិនចាំបាច់ត្រូវការការវះកាត់នោះទេ ប៉ុន្តែវាត្រូវការពេលវេលាដើម្បីព្យាបាល។”

Dominic Solanke គឺបានចូលក្នុងបញ្ជីរបួសដ៏វែងរបស់ក្រុមមាន់ខ្នាយមាស ដែលរួមមានកីឡាករសំខាន់ៗផ្សេងទៀតដូចជា Timo Werner និង Brennan Johnson ជាដើម។

ខណៈដែលកីឡាករមួយចំនួន ហៀបនឹងវិលត្រឡប់មកវិញដូចជា Yves Bissouma, Pape Sarr និង Cristian Romero នោះ កីឡាករជាច្រើនទៀតរបស់ Tottenham Hotspur ក៏នៅតែបន្តអវត្តមានរយៈពេលយូរដូចជាអ្នកចាំទី Guglielmo Vicario។

អវត្តមានកីឡាករសំខាន់ៗ បានធ្វើអោយ Tottenham Hotspur ទទួលលទ្ធផលមិនល្អសម្រាប់ការប្រកួត Premier League ដោយ៥ប្រកួតចុងក្រោយមកនេះ ពួកគេមិនទាន់ឈ្នះទេ គឺចាញ់៤ ស្មើ១។ ការប្រកួតជាបន្ត Tottenham Hotspur នឹងត្រូវប៉ះ Leicester City នៅចុងសប្តាហ៍នេះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង