×

Man UTD ប្រឈមការបំពានច្បាប់ប្រាក់ចំណេញនិងនិរន្តរភាពនៅ Premier League

Man UTD បានប្រកាសថា ក្លិបមានហានិភ័យក្នុងការបំពានច្បាប់ប្រាក់ចំណេញនិងនិរន្តរភាព PSR ដែលធ្វើអោយពួកគេបង្ខំចិត្តដំឡើងថ្លៃសំបុត្រចូលទស្សនាការប្រកួត។

នៅក្រោមច្បាប់នៃប្រាក់ចំណេញ និង និរន្តរភាព PSR របស់ក្របខណ្ឌ Premier League ក្លិបអាចខាតបង់រហូតដល់ ១០៥ លានផោនក្នុងរយៈពេល ៣ ឆ្នាំ។

ក្លិបបិសាចក្រហមបាននិយាយនៅក្នុងលិខិតមួយថា “ប្រសិនបើក្លិបមិនធ្វើសកម្មភាពឥឡូវនេះទេ ពួកគេនឹងស្ថិតក្នុងគ្រោះថ្នាក់ដើម្បីអនុវត្តតាមច្បាប់ PSR។ ក្លិបកំពុងធ្វើអោយមានការខាតបង់យ៉ាងសំខាន់ជារៀងរាល់ឆ្នាំ សរុបជាង ៣០០ លានផោនក្នុងរយៈពេល ៣ ឆ្នាំ ចុងក្រោយនេះ។ វាមិនមាននិរន្តរភាពទេ។ ក្លិបនឹងត្រូវធ្វើការជ្រើសរើសដ៏លំបាកមួយចំនួន។ នោះបានរួមបញ្ចូលការកាត់បន្ថយបុគ្គលិក និងកាត់បន្ថយការចំណាយនៅទូទាំងក្លិប។ ក្លិបក៏ត្រូវតែពិនិត្យមើលយុទ្ធសាស្រ្តលក់សំបុត្រ ដើម្បីធានាថាយើងកំពុងគិតក្នុងចំនួនត្រឹមត្រូវ សម្រាប់អ្នកគាំទ្ររបស់យើង។”

លិខិតរបស់ក្លិបបិសាចក្រហម គឺឆ្លើយតបទៅនឹងលិខិតពីក្រុមអ្នកគាំទ្រ The 1958 និង Fan Coalition 58 បន្ទាប់ពីពួកគេតវ៉ារឿងក្លិបដំឡើងថ្លៃសំបុត្រនាពេលកន្លងមក។ កាលពីខែកញ្ញាកន្លងទៅ Man UTD បានរាយការណ៍ពីការខាតបង់ចំនួន ១១៣,២ លានផោន ខណៈពួកគេក៏មានការខាតបង់ ២៨,៧លានផោននៅរដូវកាល ២០២២-២៣ និង ១១៥,៥ លានផោន នៅរដូវកាល ២០២១-២២។ ការខាតបង់របស់ Man UTD ក្នុងរយៈពេល៥ឆ្នាំចុងក្រោយមានទំហំដល់ទៅជាង ៣៧០លានផោន។

Man UTD ត្រូវបានចោទប្រកាន់ពីបទកេងប្រវ័ញ្ចអ្នកគាំទ្រ បន្ទាប់ពីការសម្រេចចិត្តពាក់កណ្តាលរដូវកាលដើម្បីដំឡើងថ្លៃសំបុត្រសម្រាប់ការប្រកួតដល់ ៦៦ផោន ក្នុងមួយប្រកួត ដោយគ្មានការលើកលែងសម្រាប់កុមារ ឬអ្នកចូលនិវត្តន៍។ ការប្រកាសតម្លៃសំបុត្របានធ្វើឡើងបន្ទាប់ពីក្លិបបានបញ្ជាក់ពីការចំណាយលើការផ្តាច់កុងត្រាអតីតគ្រូបង្វឹកលោក Erik ten Hag និងបុគ្គលិករបស់លោក ១០,៤ លានផោន និងចំណាយបង់ផ្តាច់កុងត្រាដើម្បីនាំយកគ្រូបង្វឹកលោក Ruben Amorim ចំនួន១១លានផោនទៀត។កាលពីខែវិច្ឆិកា Man UTD បានបង្ហាញថាពួកគេបានចំណាយប្រាក់ ៨,៦ លានផោនដើម្បីបញ្ឈប់បុគ្គលិកប្រហែល ២៥០ នាក់។

បញ្ហាច្បាប់ PSR ធ្លាប់កើតឡើងលើក្លិបនៅ Premier League ជាច្រើនមកហើយដោយកាលពីរដូវកាលមុន Everton ត្រូវពិន័យកាត់១០ពិន្ទុ តែបន្ថយមកត្រឹម ៦ពិន្ទុ ខណៈ Nottingham Forest ក៏ត្រូវបានចោទប្រកាន់ពីបទបំពាន PSR កាលពីរដូវកាលមុន ហើយត្រូវបានកាត់៤ពិន្ទុផងដែរ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង