ក្លិប Man City បានទទួលជោគជ័យក្នុងការនាំយកខ្សែប្រយុទ្ធ Omar Marmoush ពីក្លិបអាល្លឺម៉ង់ Eintracht Frankfurt។ នេះបើតាមការប្រកាសពីក្លិបនៅក្របខណ្ឌ Premier League។
កីឡាករអេហ្ស៊ីបបានចុះកិច្ចសន្យារយៈពេល៤ឆ្នាំកន្លះ ក្នុងការលេងនាកីឡដ្ឋាន Etihad ហើយចំពោះតម្លៃនៃការផ្ទេរនេះ មិនត្រូវបានក្លិបទាំង២បញ្ចេញអោយដឹងនោះទេ ប៉ុន្តែសារពត៌មាននានានៅអង់គ្លេសបានរាយការណ៍ថា តម្លៃផ្ទេរមានប្រមាណ ៧០លានអឺរ៉ូ ដែលបានបូកបញ្ចូលថ្លៃចំណាយនានារួច។
Omar Marmoush បានក្លាយជាកីឡាករទី៣ដែលចូលរួមជាមួយ Man City នៅក្នុងទីផ្សារដោះដូរកីឡាកររដូវរងានេះ បន្ទាប់ពីការមកដល់របស់ ខ្សែការពារអ៊ូបេគីស្ថាន Abdukodir Khusanov ពីក្លិបបារាំង Lens និងខ្សែការពារប្រេស៊ីល Vitor Reis ពីក្លិបប្រេស៊ីល Palmeiras ។
កីឡាករវ័យ២៥ឆ្នាំ បានទាក់ទាញក្រសែភ្នែកពីក្លិបធំៗនានា បន្ទាប់ពីការបង្ហាញសមត្ថភាព យ៉ាងល្អរបស់គេ គឺរដូវកាលនេះ រូបគេបានបង្ហាញខ្លួនអោយ Eintracht Frankfurt ចំនួន២៦ដង ស៊ុតបញ្ចូលទីបានដល់ទៅ២០គ្រាប់ទៅហើយ។
ការនាំចូលកីឡាករជាបន្តបន្ទាប់នេះ ជាផ្នែកមួយដែល Man City កំពុងកសាងក្រុមឡើងវិញ ក្រោយមានបញ្ហារបួសកីឡាករជាច្រើនរូបរួចមក។
នៅក្នុងបទសម្ភាសន៍អំពីការបានក្លាយជាសមាជិកថ្មីរបស់ Man City នេះដែរ Omar Marmoush បានបង្ហាញពីអារម្មណ៍របស់ខ្លួនថា “ខ្ញុំពិតជាមានភាពរីករាយ ដែលបានចូលរួមជាមួយក្រុមដែលមានភាពល្បីល្បាញដូចជា Man City ។ ខ្ញុំបានត្រៀមខ្លួន ក្នុងការសម្របខ្លួនគ្រប់ស្ថានការណ៍ គ្រប់ទីតាំងដែលក្រុមមានតម្រូវការ ហើយកាន់តែពិសេសនោះ ខ្ញុំពិតជាចង់លេងជាមួយកីឡាករជើងខ្លាំង Erling Haaland ។ ខ្ញុំសឹងតែរង់ចាំពេលវេលាបង្ហាញសមត្ថភាពជាមួយរូបគេសឹងតែពុំបាន។”
ដោយឡែក Man City ដែលទើបតែប្រកួតចាញ់ Paris Saint-Germain France ៤-២ នៅពានរង្វាន់ UEFA Champions League នោះ នឹងវិលមកកាន់ការប្រកួតក្របខណ្ឌ Premier League វិញ ដោយត្រូវប៉ះក្រុម Chelsea នៅកីឡដ្ឋាន Etihad នៅចុងសប្តាហ៍នេះ។ Man City កំពុងឈរលេខ ៥ ក្នុងតារាងពិន្ទុ Premier League មាន ៣៨ពិន្ទុ ខណៈ Chelsea នៅលេខ៤ មាន ៤០ពិន្ទុ៕