សារពត៌មាន Sky Sport បានរាយការណ៍អោយដឹងថា ក្លិប Man City បានយល់ព្រម ទទួលសំណើរបស់ក្លិប AC Milan ក្នុងការនាំយកខ្សែការពារ Kyle Walker ទៅចូលរួមជាមួយពួកគេក្នុងលក្ខខណ្ឌខ្ចីជើង។
នៅក្នុងកិច្ចព្រមព្រៀងនោះដែរ AC Milan មានកាតព្វកិច្ចទិញផ្តាច់កីឡាករ វ័យ៣៤ឆ្នាំ ជាអចិន្ត្រៃយ៍នៅរដូវក្តៅ ខណៈកិច្ចព្រមព្រៀងត្រូវបានជឿថាមានតម្លៃប្រមាណ៤,២លានផោន។
Kyle Walker ក៏ត្រូវបានដឹងថា បានធ្វើដំណើរទៅដល់ទីក្រុង Milan ប្រទេសអ៊ីតាលីហើយដើម្បីត្រៀមខ្លួនពិនិត្យសុខភាព និង បំពេញបែបបទនានា។
កីឡាករអង់គ្លេស បានចូលរួមជាមួយ Man City ដោយផ្លាស់មកពី Tottenham Hotspur ក្នុងតម្លៃប្រមាណ ៥០លានផោន ឆ្នាំ២០១៧។ រូបគេបានបង្ហាញខ្លួន ៣១៩ប្រកួត ស៊ុតបាន៦គ្រាប់ផងដែរ សម្រាប់ក្រុមមេឃខៀវ ហើយក៏បានឈ្នះពានរង្វាន់ដល់ទៅ១៧ដង រួមមានពានរង្វាន់ធំៗដូចជា Premier League UEFA Champions League UEFA Super Cup និង FIFA Club World Cup ។
ការចែកផ្លូវគ្នារវាង Kyle Walker និង Man City ពិតជាមានន័យសម្រាប់ភាគីទាំងពីរ។ Walker ប្រហែលជាបានស្នើសុំចាកចេញ ប៉ុន្តែ Man City ក៏មិនបានហាមឃាត់រូបគេ ដែលបង្ហាញពីភាពធ្លាក់ចុះនៃភាពសំខាន់របស់គេជាមួយក្រុម។
ការទៅលេងអោយក្លិបថ្មី ទំនងជាឱកាសល្អសម្រាប់ Kyle Walker ជាជាងការបន្តលេងនៅទឹកដី Etihad ដែលអាចផ្តល់ឱកាសសម្រាប់កីឡាករថ្មីៗរបស់ Man City៕