×

ទោះបានឈ្នះ Fulham តែគ្រូ Man UTD ថា ក្រុមនៅមានបញ្ហាលើការរកគ្រាប់បាល់

លោក Ruben Amorim បានទទួលស្គាល់ថា ក្រុម Man UTD របស់លោកនៅតែមានបញ្ហាទៅលើការរកគ្រាប់បាល់បញ្ចូល បើទោះជាក្រុមទើបតែបានយកឈ្នះក្រុម Fulham នៅក្នុងការប្រកួតក្របខណ្ឌ Premier League រួចក្តី។

ជាការពិត ការប្រកួត ក្របខណ្ឌ Premier League កាលពីចុងសប្តាហ៍កន្លងទៅ ក្រុម Man UTD បានឈ្នះ ក្រុម Fulham ដោយលទ្ធផល ១-០ ក្នុងការប្រកួតដែលធ្វើឡើងនាកីឡដ្ឋាន Craven Cottage។
ការប្រកួតនៅក្នុងវគ្គទី១ មិនមានគ្រាប់បាល់បញ្ចូលទីនោះទេ ពីសំណាក់ក្រុមទាំងសងខាង។

លុះចូលមកដល់វគ្គទី២ នាទី៧៨ ទើប Lisandro Martínez បានបំបែកភាពស្ងប់ស្ងាត់ ដោយការស៊ុតបញ្ចូលទីបានសម្រេចផ្តល់ការនាំមុខដល់ Man UTD។ សម្រាប់ក្រុមម្ចាស់ផ្ទះ Fulham មិនមានសំណាងរកគ្រាប់បាល់បាននោះទេ ខណៈក្រុមភ្ញៀវ Man UTD នៅតែបន្តប្រឹងប្រែងស្វែងរកគ្រាប់បាល់ជាបន្ត។ នៅនាទី៩០+៥ Amad Diallo បានរកគ្រាប់បាល់១គ្រាប់ទៀតអោយ Man UTD ទៅហើយ ប៉ុន្តែក៏ត្រូវបាន VAR បដិសេធវិញ ដែលធ្វើអោយការប្រកួតចប់ដោយលទ្ធផល ១-០ ។

បានឈ្នះមែន ប៉ុន្តែ គ្រូបង្វឹក Man UTD លោក Ruben Amorim នៅតែមិនទាន់មានការពេញចិត្តនោះទេ ដោយលោកបានមើលឃើញពីចំនុចខ្វះខាតជាច្រើនរបស់ក្រុម ដូចជា ការខ្វះល្បឿននិងថាមពលនៅតំបន់ប្រយុទ្ធ និង ជាពិសេសគឺការពិបាកស្វែងរកគ្រាប់បាល់របស់ក្រុម។

បុរសជនជាតិព័រទុយហ្គាល់បានអោយដឹងក្រោយចប់ការប្រកួតថា “ ក្រុមរបស់យើងនៅមានបញ្ហាជាច្រើនដែលខ្ញុំបានមើលឃើញ។ យើងមានឱកាសល្អ ប៉ុន្តែយើងមិនអាចស៊ុតបញ្ចូលទីបាន។ សូម្បីតែនៅវគ្គទី២ យើងចង់ផ្លាស់ប្តូរអ្វីមួយក៏ដោយ យើងខ្វះល្បឿនខ្លះ និងខ្វះកម្លាំង។ យើងត្រូវការមានអ្នកបង្កើតការស៊ុតបាល់ មានឱកាសកាន់តែច្រើន។ យើងតស៊ូក្នុងរឿងនេះ ប៉ុន្តែការឈ្នះក៏ជួយបានច្រើនក្នុងការកែលម្អក្រុមយើង។”

សម្រាប់ជ័យជំនះ Man UTD នៅឈរលេខ១២ក្នុងតារាងពិន្ទុ ក្របខណ្ឌ Premier League មាន ២៩ពិន្ទុ ខណៈក្រុម Fulham នៅឈរលេខ១០ មាន៣៣ពិន្ទុ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង