×

គ្រូបង្វឹក Man UTD ថា នឹងមិនអោយខ្សែប្រយុទ្ធ Marcus Rashford ចូលរួមប្រកួតលុះត្រាតែផ្លាស់ប្តូរអត្តចរិត

គ្រូបង្វឹក Man UTD លោក Ruben Amorim បាននិយាយថា នឹងមិនអោយខ្សែប្រយុទ្ធ Marcus Rashford ចូលរួមប្រកួតលុះត្រាតែផ្លាស់ប្តូរអត្តចរិត។

កីឡាករអង់គ្លេស ត្រូវបានដាក់អោយនៅក្រៅបញ្ជីឈ្មោះកីឡាករ Man UTD ចំនួន ១១ប្រកួតជាប់ៗគ្នា។ Rashford នៅតែមិនមានឈ្មោះ អំឡុងពេលការប្រកួតដែល Man UTD ឈ្នះ Fulham ក្នុងលទ្ធផល ១-០ ក្នុងជំនួបក្របខណ្ឌ Premier League កាលពីចុងសប្តាហ៍កន្លងទៅ។

បញ្ហាជាច្រើនខែជាប់គ្នាមកនេះដោយសារតែ Marcus Rashford ធ្លាប់បង្ហាញចំណាប់អារម្មណ៍ចង់ផ្លាស់ចេញពីទឹកដី Old Trafford បន្ទាប់ពីរូបគេត្រូវបានដកឈ្មោះចេញពីក្រុមតាំងពីពេលដែល Man UTD ឈ្នះ ២-១ ទល់ Man City នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ ២០២៤។

យ៉ាងណាក៏ដោយ Rashford កំពុងជួបបញ្ហាពិបាកក្នុងការស្វែងរកក្លិបថ្មី ដើម្បីចូលរួមអំឡុងទីផ្សារដោះដូរពាក់កណ្តាលរដូវកាល ២០២៤-២៥។ ទោះបីជាក្រុមកំពុងជួបបញ្ហាខ្សែប្រយុទ្ធ ក៏លោក Amorim មិនព្រមអនុញ្ញាតអោយ កីឡាករវ័យ២៧ឆ្នាំ វិលចូលទីលានវិញ ព្រោះតែបញ្ហាអត្តចរិត និងអាកប្បកិរិយារបស់គេ។

លោក Amorim ទៅដឹកនាំ Man UTD នៅដើមខែវិច្ឆិកា ដោយផ្ទេរចេញពី Sporting CP។ បុរសវ័យ ៤០ឆ្នាំ បានបង្ហាញអារម្មណ៍ធូរស្រាលជាងមុន បន្ទាប់ពីក្រុមដណ្តើមបាន ៣ពិន្ទុ ពី Fulham យ៉ាងលំបាក ប៉ុន្តែក្រុមក៏មិនទាន់បង្ហាញភាពរីកចម្រើនខ្លាំងប៉ុន្មានឡើយ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង