ខ្សែការពារ Renato Veiga បានចាកចេញពីក្លិប Chelsea ទៅកាន់ក្លិប Juventus ក្នុងលក្ខខណ្ឌខ្ចីជើងរហូតដល់ដំណាច់រដូវកាលនេះ។ នេះបើតាមការប្រកាសរបស់ក្លិបទាំង២។
កីឡាករព័រទុយហ្កាល់ បានផ្លាស់មកកាន់ ក្លិប Chelsea ដោយផ្ទេរពីក្លិបស្វីស FC Basel កាលពីខែកក្កដា ឆ្នាំ២០២៤ ដោយចុះកុងត្រារយៈពេល៧ឆ្នាំ តម្លៃ ១២លានអឺរ៉ូ។
យ៉ាងណាមិញ Renato Veiga ហាក់មិនស្ថិតក្នុងជម្រើសរបស់គ្រូបង្វឹកលោក Enzo Maresca នោះទេ ដោយមានឱកាសបង្ហាញខ្លួនតិចតួចត្រឹមតែ១៨ដង នៅគ្រប់ការប្រកួតទាំងអស់របស់ Chelsea នៅរដូវកាលនេះ។
ដូច្នេះហើយ ការស្វែងរកកន្លែងលេងនៅក្លិបថ្មី ជាអ្វីដែលសាមីកីឡាករយល់ឃើញថា រូបគេត្រូវតែជ្រើសរើស ហើយ ក្លិប Juventus បានក្លាយជាក្លិបដែលកីឡាករវ័យ២១ឆ្នាំ សម្រេចចូលរួមជាមួយ។
ឱកាសរបស់ Renato Veiga នៅកីឡដ្ឋាន Allianz Stadium ត្រូវបានជឿថានឹងមានច្រើនជាងមុនស្របពេលក្លិបដែលដឹកនាំដោយគ្រូបង្វឹកលោក Thiago Motta កំពុងតស៊ូជាមួយបញ្ហាខ្វះខាតកីឡាករខ្សែការពារជាច្រើនរូប ដោយសាររបួស។ តួយ៉ាង Juventus បានអវត្តមានកីឡាករខ្សែការពារសំខាន់ៗដូចជា Gleison Bremer និង Juan Cabal ខណៈប្រធានក្រុម ខ្សែការពារ Danilo earlier បានសម្រេចផ្តាច់កុងត្រាជាមួយក្លិបសេះបង្កង់កាលពីពេលថ្មីៗនេះ។
Renato Veiga គឺជាកីឡាករទី៣ដែលបានចូលរួមជាមួយ Juventus ក្នុងទីផ្សារដោះដូរកីឡាកររដូវរងានេះ បន្ទាប់ពីខ្សែការពារព័រទុយហ្កាល់ Alberto Costa ផ្ទេរមកពីក្លិបព័រទុយហ្កាល់ Vitória de Guimarães និង ខ្សែប្រយុទ្ធ Randal Kolo Muani ផ្ទេរមកពីក្លិប Paris Saint-Germain ក្នុងលក្ខខណ្ខខ្ចីជើង៕