×

Lyon ត្រៀមតែងតាំងអតីតគ្រូបង្វឹក AC Milan លោក Paulo Fonseca ជាគ្រូបង្វឹកថ្មី

ក្លិបបារាំង Lyon បានត្រៀមតាំងតែងអតីតគ្រូបង្វឹក AC Milan លោក Paulo Fonseca ជាគ្រូបង្វឹកថ្មី។ នេះបើតាមការផ្សព្វផ្សាយពីសារព័ត៌មាននានានៅបារាំង។

ក្លិបនៅក្របខណ្ឌ Ligue 1 ទើបតែបណ្តេញគ្រូបង្វឹកលោក Pierre Sage ចេញពីតំណែង កាលពីសប្តាហ៍មុន ក្រោយការដឹកនាំទទួលលទ្ធផលមិនសូវល្អប្រសើរ ដោយ៥ប្រកួតចុងក្រោយគ្រប់កម្មវិធី ពួកគេមិនស្គាល់ជ័យជំនះទាល់តែសោះ។

Lyon កំពុងឈរលេខ៦ ក្នុងតារាងពិន្ទុលីគកំពូលបារាំង ដោយមាន ៣០ពិន្ទុ ក្រោយឆ្លងកាត់ ១៩ប្រកួត។ ក្រោមការដឹកនាំរបស់លោក Pierre Sage ពួកគេបានរបូតពានរង្វាន់ French Cup ក្រោយចាញ់ក្រុមលីគទី៥បារាំង Bourgoin-Jallieu នៅវគ្គ៣២ក្រុម។

សម្រាប់លោក Paulo Fonseca ក៏ទើបតែត្រូវបាន AC Milan បញ្ចប់តំណែងកាលពីខែធ្នូកន្លងទៅដែរ ក្រោយកាន់តំណែងបានតែ៦ខែ ។ បុរសជនជាតិព័រទុយហ្កាល់ វ័យ៥១ឆ្នាំ បានចូលដឹកនាំ AC Mila កាលពីដើមខែកក្កដា ដោយការមកដល់របស់លោកនាំយកនូវក្តីរំពឹងខ្ពស់ថា ក្លិបនឹងទទួលលទ្ធផលល្អ។ យ៉ាងណា ឆ្លងកាត់ការដឹកនាំ ២៤ប្រកួតគ្រប់កម្មវិធី លោក Paulo Fonseca ទទួលលទ្ធផល ឈ្នះ ១២ ស្មើ ៦ ចាញ់៦ដង។ ជាមួយលទ្ធផលមិនដូចការចង់បាន ទើបក្រុមប្រឹក្សារបស់ក្លិប បានសម្រេចបញ្ចប់តំណែងរបស់លោក Fonseca។

លោក Paulo Fonseca ធ្លាប់មានបទពិសោធនៅក្របខណ្ឌ Ligue 1 ដែរ ដោយធ្លាប់បានដឹកនាំ ក្លិប Lille បាន២រដូវកាល ពីឆ្នាំ ២០២២-២៤ មុនផ្លាស់ទៅដឹកនាំ AC Milan នោះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង