×

គ្រូ Real Madrid រំពឹងកីឡាករលេងល្អប្រសើរបន្ថែមទៀត សម្រាប់ការប្រកួត UEFA Champions League ជុំបន្ត

គ្រូបង្វឹក Real Madrid លោក Carlo Ancelotti បានធ្វើការកោតសរសើរដល់ការលេងរបស់កូនក្រុម សម្រាប់ការប្រកួតឈ្នះក្រុម Brest កាលពីយប់មិញ។ បុរសជនជាតិអ៊ីតាលីក៏រំពឹងកីឡាករខ្លួនមានការ លេងល្អប្រសើរបន្ថែមទៀត សម្រាប់ការប្រកួត UEFA Champions League ជុំបន្ត។

ជាការពិត Real Madrid បានយកឈ្នះក្រុម Brest របស់បារាំង ដោយលទ្ធផល ៣-០ ក្នុងការប្រកួតទី៨ និងជាការប្រកួតចុងក្រោយក្នុងពានរង្វាន់ UEFA Champions League វគ្គ League Phase។

ការប្រកួតនាកីឡដ្ឋាន Stade de Roudourou នោះ Real Madrid បានលេងគ្រប់សង្កត់គូប្រជែង ហើយរកបាន១គ្រាប់នាំមុខនៅក្នុងវគ្គទី១ ដោយ Rodrygo ស៊ុតនៅនាទី២៧។

នៅក្នុងវគ្គទី២ ក្រុមម្ចាស់ផ្ទះ Brest រកបាន១គ្រាប់ដោយកីឡាករ Ludovic Ajorque នៅនាទី៥១ ប៉ុន្តែត្រូវបាន VAR បដិសេធវិញ។ សម្រាប់ Real Madrid ក៏បន្តវាយសម្រុកហើយរកបាន២គ្រាប់ទៀតដោយ Jude Bellingham នៅនាទី៥៦ និង Rodrygo នៅនាទី៧៨ មុនបញ្ចប់ការប្រកួត។

បន្ទាប់ពីមើលឃើញការតាំងចិត្ត យកឈ្នះការប្រកួតរបស់កូនក្រុម គ្រូបង្វឹកសញ្ជាតិអ៊ីតាលី លោក Carlo Ancelotti បានមានការពេញចិត្តនិង សរសើរកូនក្រុមមិនដាច់ពីមាត់។ បន្ថែមពីនេះ លោក Carlo Ancelotti ក៏រំពឹងកីឡាករធ្វើបានល្អបែបនេះទៀតក្នុងការប្រកួតជុំបន្ត។

គ្រូបង្វឹកវ័យ ៦៥ឆ្នាំ បានអោយដឹងដូច្នេះ “ ខ្ញុំគិតថា យើងលេងបានល្អទាំងការការពារ និងវាយលុក។ យើងមានការការពារពីរបីដង ហើយយើងមានប្រសិទ្ធភាពច្រើននៅខាងមុខ។ យើងអាចរកគ្រាប់បាល់បន្ថែមទៀត។ ប៉ុន្តែពេលនេះក្រុមគឺពិតជាល្អ។ យើងមានអារម្មណ៍ល្អ ហើយយើងចង់បន្តបែបនេះ ព្រោះអារម្មណ៍របស់ក្រុមពិតជាល្អណាស់។ យើងលេងបានល្អនៅយប់នេះ ហើយខ្ញុំចង់អោយកីឡាករលេងល្អទៀតក្នុងការប្រកួតបន្ត។”

សម្រាប់ជ័យជំននេះ បានធ្វើអោយ Real Madrid បញ្ចប់ក្នុងចំណាត់ថ្នាក់លេខ ១១ មាន១៥ពិន្ទុ ខណៈក្រុម Brest បញ្ចប់ក្នុងចំណាត់ថ្នាក់លេខ ១៨ មាន ១៣ពិន្ទុ។ ក្រុមទាំង២សុទ្ធតែមានកៅអីទៅកាន់ការប្រកួតវគ្គ Play Off ដើម្បីស្វែងរកកៅអីទៅកាន់វគ្គ១៦ក្រុមចុងក្រោយ។ ការចាប់ឆ្នោតផ្គូផ្គង វគ្គ Play Off នឹងធ្វើឡើងនៅថ្ងៃទី៣១ ខែមករា ខណៈកាលបរិច្ឆេទនៃការប្រកួតជើងទី១ ធ្វើឡើងនៅថ្ងៃទី ១១-១២ ខែកុម្ភៈ និង ជើងទី២ធ្វើឡើងនៅថ្ងៃទី ១៨-១៩ ខែកុម្ភៈដដែល៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង