×

Brighton ចង់លក់ខ្សែប្រយុទ្ធ Evan Ferguson មុនទីផ្សារខែមករាបិទទ្វារ

ក្លិប Brighton មានឆន្ទៈក្នុងការលក់ខ្សែប្រយុទ្ធ Evan Ferguson នៅក្នុងទីផ្សារដោះដូរកីឡាករខែមករានវ ប្រសិនបើពួកគេទទួលបានការផ្តល់ជូនសមរម្យមួយ។

កីឡាករអៀរឡង់កំពុងមានបញ្ហារបួសកជើង ប៉ុន្តែរូបគេមិនមែនជាផ្នែកសំខាន់នៃក្រុមរបស់ គ្រូបង្វឹកលោក Fabian Hurzeler នៅពេលនេះទេ។

Evan Ferguson បង្ហាញខ្លួន ១២ ប្រកួតនៅក្របខណ្ឌ Premier League សម្រាប់ Brighton នៅរដូវកាលនេះតែ១០ប្រកួតក្នុងចំណោមនោះរូបគេត្រូវបានចូលលេងជាកីឡាករបម្រុងប៉ុណ្ណោះ។

គ្រាប់បាល់តែមួយគត់របស់កីឡាករវ័យ២០ឆ្នាំក្នុងរដូវកាលនេះ គឺកើតឡើងក្នុងការប្រកួតជាមួយ Wolverhampton Wanderers ក្នុងខែតុលា។

វាគឺជាការស៊ុតបញ្ចូលទីតែមួយដងគត់របស់ Evan Ferguson ចាប់តាំងពីខែវិច្ឆិកា ឆ្នាំ ២០២៣ ខណៈដែលទម្រង់លេងដែលបានធ្វើអោយគេមានភាពលេចធ្លោនៅក្នុងយុទ្ធនាការ ២០២២-២៣ និងបានឈ្នះពានរង្វាន់កីឡាករវ័យក្មេងប្រចាំឆ្នាំរបស់ PFA នោះ មិនត្រូវបានកីឡាកររូបនេះអាចធ្វើបានទៀតទេ។

Brighton បានកំពុងសម្លឹងមើលជម្រើសបញ្ចេញ Evan Ferguson ក្នុងនាមជាកីឡាករខ្ចីជើង ប៉ុន្តែការលក់ផ្តាច់រូបគេក៏ជាជម្រើសដែលអាចទៅរួចដែរ ប្រសិនបើមានក្លិបណាមួយអាចផ្តល់ជូនលក្ខខណ្ឌល្អ។ មានក្លិបនៅ Premier League ដែលមិនត្រូវបានបញ្ចេញឈ្មោះ បានចរចាយក Evan Ferguson ដែរ តែត្រូវបាន Brighton បដិសេធ។

ក្លិបនៅលីគកំពូលអង់គ្លេសជាច្រើន រួមទាំង Arsenal និង West Ham United កំពុងស្វែងរកខ្សែប្រយុទ្ធកណ្តាល ខណៈដែលក្លិបម្ចាស់ជើងឯកអាល្លឺម៉ង់ Bayer Leverkusen ក៏ត្រូវបានគេលើកឡើងទាក់ទងនឹងការផ្ទេរ Evan Ferguson ផងដែរ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង