
ខ្សែបម្រើ Emi Buendia ទើបតែបានចុះហត្ថលេខាបន្តកិច្ចសន្យាថ្មីជាមួយក្លិប Aston Villa ប៉ុន្តែរូបគេបានសម្រេចចិត្តភ្លាមៗ ក្នុងការផ្លាស់ទៅលេងអោយក្លិបអាល្លឺម៉ង់ Bayer Leverkusen ក្នុងលក្ខខណ្ឌខ្ចីជើងរហូតដល់ដំណាច់រដូវកាលនេះ។
កីឡាករជនជាតិអាហ្សង់ទីន បានផ្លាស់មកចូលរួម Aston Villa ពីក្លិប Norwich កាលពីឆ្នាំ២០២១ ក្នុងតម្លៃផ្ទេរកំណត់ត្រារបស់ក្លិប ៣៣លានផោន។
Emi Buendia បានបង្ហាញខ្លួន ៩៧ប្រកួតអោយ Aston Villa និងបានស៊ុតបញ្ចូលទីចំនួន១០គ្រាប់ផងដែរ។
យ៉ាងណា កាលពីរដូវកាល ២០២៣-២៤ កីឡាករវ័យ២៨ឆ្នាំបានខកខានការប្រកួតពេញមួយរដូវកាលតែម្តង ដោយសាររបួសសរសៃពួរធ្ងន់ធ្ងរ អំឡុងពេលហ្វឹកហាត់។ រូបគេបានវិលមកបង្ហាញខ្លួនអោយ Aston Villa វិញកាលពីខែកញ្ញា ដោយក្នុងរដូវកាលនេះ គេបានបង្ហាញខ្លួន ១៩ប្រកួតគ្រប់កម្មវិធី។
យ៉ាងណា សាមីកីឡាករចង់ទទួលបានឱកាសលេងច្រើនជាងនេះ ស្របពេលដែល Bayer Leverkusen ក្រោមការដឹកនាំរបស់គ្រូបង្វឹកលោក Xabi Alonso កំពុងមានបញ្ហាផ្នែកតំបន់បម្រើ ទើបក្លិបនៅក្របខណ្ឌ Bundesliga សម្រេចធ្វើការចរចាខ្ចីជើង Emi Buendia មករួមក្រុមតែម្តង។
Emi Buendia គឺជាកីឡាករក្រុមឈុតធំទី៣ ដែលបានចាកចេញពី Aston Villa ក្នុងទីផ្សារដោះដូរកីឡាកររដូវរងានេះ បន្ទាប់ពីការចាកចេញរបស់ ខ្សែបម្រើ Jaden Philogene ទៅកាន់ Ipswich និង ខ្សែការពារ Diego Carlos ទៅកាន់ Fenerbahce៕