
ក្លិបអាល្លឺម៉ង់ Borussia Dortmund បានសម្រេចតែងតាំងអតីតគ្រូបង្វឹក Wolfsburg លោក Niko Kovac មកជាគ្រូបង្វឹកថ្មី ក្រោយពីក្លិបរហស្សនាមពណ៌លឿងបានបណ្តេញលោក Nuri Sahin ចេញពីតំណែងកាលពីសប្តាហ៍មុន។
លោក Nuri Sahin ត្រូវបានបញ្ចប់តំណែង នៅក្នុងដើមឆ្នាំ២០២៥ បន្ទាប់ពីដឹកនាំមិនសូវទទួលបានលទ្ធផលល្អ ដោយពួកគេបានចាញ់ ៤ប្រកួតជាប់ៗគ្នានៅគ្រប់កម្មវិធី ហើយក្រោយការចាកចេញរបស់បុរសវ័យ៣៦ឆ្នាំ រួចមក Borussia Dortmund បានចាត់តាំងអោយលោក Mike Tullberg ដែលជាគ្រូបង្វឹកក្រុមយុវជន ដឹកនាំក្រុមឈុតធំជាបណ្តោះអាសន្នសិន។
ឥឡូវនេះ ក្លិបបានរកឃើញគ្រូបង្វឹកថ្មីហើយនោះគឺលោក Niko Kovac ដោយបានចុះកិច្ចសន្យាដឹកនាំ Borussia Dortmund ដល់ខែមិថុនា ឆ្នាំ២០២៦។ បុរសជនជាតិក្រូអាត ធ្លាប់ដឹកនាំក្លិបគូប្រជែងរបស់ Borussia Dortmund នោះគឺ Bayern Munich បានមួយរដូវកាល២០១៨-១៩ ដោយបានជួយក្លិបឈ្នះពានរង្វាន់៣ ក្នុងរដូវកាលនោះ ដែលមាន Bundesliga, DFB-Pokal និង DFL-Super cup។ លោក Niko Kovac ក៏ធ្លាប់ដឹកនាំ ក្លិបដទៃទៀតដូចជា Frankfurt, Monaco និង Wolfsburg ហើយលោកក៏ធ្លាប់ដឹកនាំក្រុមជម្រើសជាតិក្រូអាតឈុតធំ បាន២ឆ្នាំផងដែរ។
បុរសវ័យ៥៣ឆ្នាំ នឹងមកកាន់តំណែងនៅ Borussia Dortmund ដោយនាំយកបងប្រុសរបស់ខ្លួននិងជាអតីតកីឡាករ Dortmund ផងដែរគឺលោក Robert Kovac និងលោក Filip Tapalovic មកជាជំនួយការគ្រូបង្វឹក។ លោក Niko Kovac នឹងត្រូវទទួលភារកិច្ចក្នុងការកែលម្អតំណែងក្នុងលីគរបស់ Dortmund បន្ទាប់ពីពួកគេបានធ្លាក់ទៅលេខ ១១ តិចជាង៦ ពិន្ទុពីក្រុមកំពូលទាំង៤។
ជាមួយនឹងតំណែងជាគ្រូបង្វឹកថ្មីនេះ លោក Niko Kovac បាននិយាយថា “អ្វីដែលសំខាន់បំផុតសម្រាប់យើងទាំងអស់គ្នានាពេលនេះគឺការតាំងចិត្តដាច់ខាត បេះដូងដ៏ធំ និងឆន្ទៈក្នុងការខិតខំប្រឹងប្រែងដើម្បីតំណាងអោយ Dortmund តាមរបៀបដ៏ល្អបំផុតនៅក្នុង Bundesliga, Champions League និងនៅ Club World Cup នៅរដូវក្តៅ។ យើងកំពុងទទួលយកបញ្ហាប្រឈមនេះដោយការតាំងចិត្ត និងការផ្តោតអារម្មណ៍។”
មកកាន់តំណែងភ្លាមលោក Niko Kovac មានភារកិច្ចដឹកនាំការប្រកួតភ្លាមដែរដោយ Borussia Dortmund នឹងត្រូវប៉ះ Heidenheim ក្នុងការប្រកួតក្របខណ្ឌ Bundesliga នៅចុងសប្តាហ៍នេះ៕