×

RB Leipzig សម្រេចទិញផ្តាច់ខ្សែបម្រើ Xavi Simons ពី Paris St Germain

ក្លិប RB Leipzig បានសម្រេចទិញយកខ្សែបម្រើ Xavi Simons មកជាកីឡាករអចិន្ត្រៃយ៍របស់ពួកគេ បន្ទាប់ពីការលេងជាកីឡាករខ្ចីជើងរយៈពេល ១៨ ខែពីក្លិប Paris St Germain។

កីឡាករអន្តរជាតិហូឡង់បានចុះកិច្ចសន្យាជាមួយ RB Leipzig រហូតដល់ឆ្នាំ ២០២៧។ របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយបាននិយាយថាកិច្ចព្រមព្រៀងមានតម្លៃជាង ៥០ លានអឺរ៉ូ បូករួមទាំងប្រាក់រង្វាន់លើកទឹកចិត្តផ្សេងៗទៀត។

កីឡាករវ័យ២១ឆ្នាំ បានចូលរួមជាមួយ Paris St Germain ក្នុងនាមជាកីឡាករថ្នាលយុវជន ក្នុងឆ្នាំ ២០១៩ បន្ទាប់ពីលេងជាកីឡាករថ្នាលយុវជនរយៈពេល ៧ ឆ្នាំនៅក្លិប Barcelona ។

រូបគេបានបង្ហាញខ្លួនជាលើកដំបូងអោយក្រុមឈុតធំ Paris St Germain នៅឆ្នាំ ២០២១ ហើយបានផ្លាស់ទៅ PSV Eindhoven នៅឆ្នាំ២០២២ មុនពេលត្រលប់ទៅ Paris St Germain វិញនៅឆ្នាំ ២០២៣។ យ៉ាងណា Paris St Germain បានបញ្ជូន Xavi Simons ទៅអោយ RB Leipzig ក្នុងលក្ខខណ្ឌខ្ចីជើងភ្លាមៗបន្ទាប់ពីការត្រឡប់មកវិញរបស់គេ។

Xavi Simons ក៏បានបង្ហាញខ្លួន ២៤ ប្រកួតសម្រាប់ក្រុមបាល់ទាត់ជម្រើសជាតិហូឡង់ និងបានជួយ RB Leipzig ឈ្នះពានរង្វាន់ German Super Cup ក្នុងឆ្នាំ ២០២៣ ។ រូបគេបានបង្ហាញខ្លួនចំនួន ៦០ លើកសម្រាប់ RB Leipzig ក្នុងរយៈពេលពីររដូវកាលចុងក្រោយ ដោយស៊ុតបញ្ចូលទីបាន ១៥ គ្រាប់។

RB Leipzig នឹងលេងវគ្គ៨ក្រុមចុងក្រោយ German Cup ទល់នឹង Wolfsburg នៅចុងខែកុម្ភៈ។ រីឯនៅ ក្នុងការប្រកួតក្របខណ្ឌ Bundesliga វិញ ពួកគេ កំពុងឈរលេខ៥ ក្នុងតារាងពិន្ទុ ដោយមាន៣២ពិន្ទុ ក្រោយឆ្លងកាត់ ១៩ប្រកួត មានពិន្ទុស្មើក្រុមលេខ៤ VfB Stuttgart ។ ការប្រកួតលីគកំពូលអាល្លឺម៉ង់ជាបន្តរបស់ RB Leipzig គឺនឹងត្រូវប៉ះ Union Berlin នៅកីឡដ្ឋាន An der Alten Försterei នៅចុងសប្តាហ៍នេះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង