×

កីឡាករ២រូបរបស់ Everton ត្រូវអវត្តមានជាច្រើនសប្តាហ៍ព្រោះរបួស

Everton បានបាត់បង់ខ្សែបម្រើ Orel Mangala សម្រាប់រដូវកាលដែលនៅសល់ រួមទាំងខ្សែប្រយុទ្ធ Dominic Calvert-Lewin ក៏ត្រូវអវត្តមានជាច្រើនសប្តាហ៍ដែរ ដោយសារបញ្ហារបួស។

កីឡាករអន្តរជាតិបែលហ្ស៊ិក Orel Mangala បានរងរបួសសរសៃពួរជង្គង់ ដែលរបួសបានកើតឡើងអំឡុងពេល Everton ប្រកួតឈ្នះ Brighton ដោយលទ្ធផល ១-០ ក្នុងជំនួបក្របខណ្ឌ Premier League កាលពីពេលកន្លងទៅ។

កីឡាករវ័យ ២៦ ឆ្នាំ បានបង្ហាញខ្លួនចំនួន ២២ ប្រកួតសម្រាប់ Everton ចាប់តាំងពីបានចូលរួមជាមួយនឹងលក្ខខណ្ឌខ្ចីជើងរយៈពេលមួយរដូវកាលពី Lyon ប៉ុន្តែដោយសាររបួសធ្វើអោយរូបគេត្រូវតែទៅជួបគ្រូពេទ្យជំនាញ ដើម្បីកំណត់ជំហានបន្ទាប់ សម្រាប់ការព្យាបាលអោយជាសះស្បើយរបស់គេ។ បញ្ហារបស់ Orel Mangala ត្រូវបានគ្រូបង្វឹក Everton លោក David Moyes ពណ៌នាថា វាជារបួសដ៏អាក្រក់ ដែលប៉ះទង្គិចដល់ក្រុម។

ជាមួយនឹងបញ្ហារបួសរបស់ Orel Mangala ហើយ Everton ក៏ជួបប្រទះបញ្ហាបន្ថែមទៀត នោះគឺរបួសរបស់ Dominic Calvert-Lewin ដែលរងរបួសសរសៃពួរក្នុងការប្រកួតទល់នឹង Brighton ដូចគ្នានោះ។

កីឡាករវ័យ២៧ឆ្នាំ ត្រូវបានប្តូរចេញបន្ទាប់ពីលេងបានតែ១២នាទី ហើយនឹងតម្រូវអោយ មានការត្រួតពិនិត្យរបួសជាពិសេស ខណៈលទ្ធផលបង្ហាញថារូបគេនឹងអវត្តមាន ក្នុងរយៈពេលជាច្រើនសប្តាហ៍” ។

Dominic Calvert-Lewin ដែលបានស៊ុតបញ្ចូលទីបាន ៣ គ្រាប់ក្នុងរដូវកាលនេះ បានឈានចូលដល់ ៦ ខែចុងក្រោយនៃកិច្ចសន្យារបស់គេនៅកីឡដ្ឋាន Goodison Park ហើយមិនទាន់បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងថ្មីដែលបានចរចាគ្នាចាប់តាំងពីខែឧសភាមក។

Everton បច្ចុប្បន្នកំពុងតស៊ូ ក្នុងការប្រកួតប្រជែងនៅក្របខណ្ឌ Premier League ដោយពួកគេកំពុងឈរលេខ១៦ មាន ២៣ពិន្ទុ ក្រោយឆ្លងកាត់២២ប្រកួត ពីលើតំបន់កាត់ចោល ៧ពិន្ទុ។ Everton នឹងបន្តការប្រកួតលីគកំពូលអង់គ្លេសដោយប៉ះ Leicester City ដែលកំពុងមានភាពលំបាកដូចគ្នា នៅចុងសប្តាហ៍នេះ នាកីឡដ្ឋាន Goodison Park៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង