
ខ្សែបម្រើ Harry Wilson របស់ក្លិប Fulham នឹងត្រូវអវត្តមានពីការប្រកួតលើទីលាន ប្រមាណ ១០ សប្តាហ៍ ឬ រហូតដល់ពាក់កណ្តាលខែមេសា ដោយសាររូបគេមានរបួសបាក់ជើង ដែលតម្រូវអោយមានការវះកាត់ព្យាបាល។
កីឡាករអន្តរជាតិវេលស៍ បានរងរបួសអំឡុងពេលនៃការប្រកួតដែល Fulham ចាញ់ Man UTD ដោយលទ្ធផល ១-០ ក្នុងជំនួបក្របខណ្ឌ Premier League កាលពីពេលកន្លងទៅ ដែលបានឃើញរូបគេត្រូវបានប្តូរចេញពីទីលានភ្លាមៗនៅក្នុងវគ្គទី២។
គ្រូបង្វឹក Fulham លោក Marco Silva បាននិយាយថា របួសរបស់កីឡាករវ័យ២៧ឆ្នាំ ពិតជាមិនល្អ ដែលធ្វើអោយគេត្រូវសម្រាកព្យាបាល១០សប្តាហ៍ ហើយវាក៏មានន័យថា រូបគេនឹងមិនអាចចូលជួយក្រុមបាល់ទាត់ជម្រើសជាតិវេលស៍ក្នុងការប្រកួតវគ្គជម្រុះ FIFA World Cup 2026 តំបន់អឺរ៉ុប នៅក្នុងខែមីនាបានដែរ។
លោក Marco Silva អោយដឹងដូច្នេះ “វាជារបួសដែលមិនល្អតែម្តងសម្រាប់ Harry Wilson ។ រូបគេត្រូវឆ្លងកាត់ការវះកាត់ព្យាបាលដោយជៀសមិនបាន ហើយគេត្រូវការរយៈពេលយូរគួរសម ក្នុងការរង់ចាំអោយរបួសបានធូរស្រាលវិញ។”
ក្រៅពី Harry Wilson ហើយ Fulham ក៏នឹងមិនមានវត្តមានរបស់ខ្សែការពារ Kenny Tete ដោយសាររបួស ដែលធ្វើអោយរូបគេត្រូវអវត្តមានមួយរយៈពេល។ លោក Marco Silva បានបន្ថែមថា ខ្សែបម្រើស្លាប Reiss Nelson កំពុងតែមានស្ថានភាពប្រសើរឡើងវិញ ខណៈដែលរូបគេកំពុងជាសះស្បើយពីរបួសសរសៃពួរ ដែលបានធ្វើអោយកីឡាករវ័យ២៥ឆ្នាំ អវត្តមានតាំងពីដើមខែធ្នូ ។ គ្រូបង្វឹក វ័យ៤៧ឆ្នាំ ក៏បានផ្តល់យោបល់ថា Fulham គួរតែធ្វើការចុះហត្ថលេខានាំយកកីឡាករមកបន្ថែមមុនថ្ងៃផុតកំណត់នៃទីផ្សារដោះដូរកីឡាករ ដើម្បីមកបំពេញសម្រាប់អវត្តមាន រយៈពេលខ្លីរបស់ Wilson និង Tete ។
ដោយឡែក Fulham កំពុងឈរលេខ១០ក្នុងតារាងពិន្ទុក្របខណ្ឌ Premier League មាន ៣៣ពិន្ទុ ក្រោយឆ្លងកាត់២៣ប្រកួតរួចមក។ ពួកគេនឹងបន្តការប្រកួតលីគកំពូលអង់គ្លេសដោយត្រូវប៉ះ Newcastle United នៅកីឡដ្ឋាន St James’ Park ចុងសប្តាហ៍នេះ ៕