×

ខ្សែប្រយុទ្ធ Jhon Duran ខិតកៀកការចាកចេញពី Aston Villa ទៅកាន់ Al Nassr

ខ្សែប្រយុទ្ធ Jhon Duran កាន់តែខិតកៀកក្នុងការចាកចេញពីក្លិប Aston Villa ផ្លាស់ទៅកាន់ក្លិប Al Nassr នៅអារ៉ាប៊ីសាអូឌីត។

តម្លៃនៃការផ្ទេរកីឡាករកូឡុំប៊ីត្រូវបានភាគីក្លិបទាំងសងខាង ព្រមព្រៀងគ្នារួចរាល់អស់ហើយ នៅរង់ចាំតែសាមីកីឡាករត្រូវធ្វើដំណើរទៅពិនិត្យសុខភាព និងចុះហត្ថលេខាលើឯកសារនានាបញ្ចប់ការផ្ទេរជាផ្លូវការប៉ុណ្ណោះ។

យ៉ាងណា តម្លៃផ្ទេរ Jhon Duran មិនត្រូវបានបញ្ជាក់ដោយភាគីណាមួយទេ ប៉ុន្តែវាត្រូវបានជឿថា មានតម្លៃផ្ទេរប្រមាណ ៦៥លានផោន។

កីឡាករជម្រើសជាតិកូឡុំប៊ី មានវ័យទើបតែ២១ឆ្នាំប៉ុណ្ណោះ ហើយការផ្ទេរនេះស្ទើរតែមិនគួរអោយជឿ ដ្បិតរូបគេជាកីឡាករដែលកំពុងលេងបានល្អ និងបង្ហាញសមត្ថភាពនៅទឹកដីអង់គ្លេស បែរជាសម្រេចចិត្តទៅកាន់ទឹកដីអារ៉ាប៊ីសាអ៊ូឌីត។

មុនឈានដល់កិច្ចព្រមព្រៀងក្នុងការផ្លាស់ទៅកាន់ Al Nassr នេះដែរ Jhon Duran បានទទួលការចាប់អារម្មណ៍ពីក្លិបមួយចំនួន ដោយក្នុងនោះ West Ham United បានដាក់ការចរចា តាំងពីដើមខែមករា ដោយមានសំណើតម្លៃ ៥៧លានផោន ប៉ុន្តែត្រូវបាន Aston Villa បដិសេធ។

Jhon Duran បានចូលរួមជាមួយ Aston Villa ដោយផ្ទេរមកពីក្លិបអាមេរិក Chicago Fire II កាលឆ្នាំ២០២៣ តម្លៃ ១៨លានផោន។ គិតមកដល់ពេលនេះរូបគេលេងបាន៥៥ប្រកួតហើយក្នុងនាមជាខ្សែប្រយុទ្ធស្ថិតក្នុងជម្រើសបម្រុង បន្ទាប់ពីខ្សែប្រយុទ្ធ Ollie Watkins ដោយគេអាចរកបាន១២គ្រាប់។ ខណៈរដូវកាលនេះគេហាក់ចាប់ផ្ដើមធ្វើបានល្អដោយចូលលេងបាន២០ប្រកួត និងរកបាន៧គ្រាប់ផងដែរ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង