×

Galatasaray នាំយកខ្សែប្រយុទ្ធ Alvaro Morata ពី AC Milan ក្នុងលក្ខខណ្ឌខ្ចីជើង

ក្លិបតួកគី Galatasaray បានទទួលជោគជ័យក្នុងការនាំយកខ្សែប្រយុទ្ធ Alvaro Morata ពីក្លិបអ៊ីតាលី AC Milan ក្នុងលក្ខខណ្ឌខ្ចីជើងរយៈពេល១ឆ្នាំ កន្លះ ពោលគឺរហូតដល់រដូវក្តៅ ឆ្នាំ២០២៦។

តម្លៃការផ្ទេរកីឡាករអេស្ប៉ាញ មានប្រមាណ៦លានអឺរ៉ូ ដោយក្នុងនោះ Galatasaray មានជម្រើសទិញផ្តាច់កីឡាករក្នុងតម្លៃប្រមាណ ៨លានអឺរ៉ូទៀត។

Alvaro Morata បានចូលរួមជាមួយ AC Milan ដោយផ្ទេរមកពីក្លិបអេស្ប៉ាញ Atletico Madrid កាលពីឆ្នាំ ២០២៤ តម្លៃ ១៣លានអឺរ៉ូ ជាមួយនឹងកិច្ចសន្យារយៈពេល៤ឆ្នាំ។

រូបគេបានបង្ហាញខ្លួន ២៤ដង និង ស៊ុតបាន៦គ្រាប់ និងបានជួយ AC Milan ឈ្នះពានរង្វាន់ Supercoppa Italiana 2024–25។

ពេញមួយអាជីព Morata គឺជាកីឡាករសំខាន់សម្រាប់ក្រុមជម្រើសជាតិអេស្ប៉ាញ ដែលរូបគេបានឈ្នះពានរង្វាន់ EURO 2024និង Nations League ។ រូបគេក៏ធ្លាប់លេងអោយក្លិបកំពូលៗមួយចំនួនរបស់អឺរ៉ុបផងដែរ រួមមាន Real Madrid, Atlético de Madrid, Juventus និង Chelsea ជាដើម ដោយឈ្នះពានធំៗ រួមទាំង Champions Leagues ២ដង ក្នុងឆ្នាំ ២០១៤ និង ២០១៧ និង Club World Cup ឆ្នាំ២០១៦ ជាមួយ Real Madrid ។

ការមកដល់របស់កីឡាករវ័យ៣២ឆ្នាំ នៅ Galatasaray បានបង្កើតការរំពឹងទុកដ៏អស្ចារ្យក្នុងចំណោមអ្នកគាំទ្រក្លិបតួកគីមួយនេះ ដែលចង់ឃើញរូបគេបង្កើតឥទ្ធិពលនៅក្នុងក្របខណ្ឌ Super League ដែលក្លិបបច្ចុប្បន្នកំពុងឈរកំពូលតារាង មាន ៥៤ពិន្ទុឆ្លងកាត់២០ប្រកួត នាំមុខក្រុមគូប្រជែងសំខាន់របស់ពួកគេគឺ Fenerbahçe ដែលនៅលេខ២ចំនួន៣ពិន្ទុ តែ Galatasaray លេងយឺត១ប្រកួត៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង