ខ្សែប្រយុទ្ធ Neymar បានត្រលប់ទៅចូលរួមជាមួយក្លិប Santos ដែលជាក្លិបអាជីពដំបូងបំផុតរបស់ខ្លួនវិញបន្ទាប់ពីចាកចេញអស់ពេល១២ឆ្នាំ។
អំឡុងពេលធ្វើដំណើរដល់កីឡដ្ឋានក្លិប Santos កីឡាករប្រេស៊ីល ក៏បានធ្វើពិធីចុះកិច្ចសន្យាជាមួយនឹងក្លិប ដែលកិច្ចសន្យានោះមានរយៈពេលត្រឹមតែ ៦ខែ ប៉ុណ្ណោះ។ អ្នកគាំទ្រក្លិបប្រមាណ ២០ ០០០នាក់ បាននាំគ្នាចូលពេញកីឡដ្ឋាន Vila Belmiro ដើម្បីអបអរការវិលត្រឡប់មកវិញរបស់ Neymar។ ពិធីស្វាគមន៍ការវិលត្រឡប់មកវិញរបស់កីឡាករវ័យ ៣២ឆ្នាំ ក៏មានការបាញ់កាំជ្រួច រយៈពេល ៣ម៉ោង ព្រមទាំងមានការប្រគំតន្ត្រីថែមទៀត។
ក្លិប Al-Hilal បានយល់ព្រមបញ្ចប់កុងត្រា Neymar មុនពេលកំណត់ ដោយអនុញ្ញាតអោយរូបគ ត្រលប់ទៅកាន់ទឹកដីកំណើតរបស់ខ្លួនវិញ។ Al-Hilal បានចំណាយប្រាក់៩៥លានអឺរ៉ូ ដើម្បីចុះហត្ថលេខានាំយក Neymar ពីក្លិបបារាំង PSG កាលពីខែសីហា ឆ្នាំ២០២៣ ជាមួយកុងត្រារយៈពេល២ឆ្នាំ ។ យ៉ាងណា លេងជាមួយ Al-Hilal នោះ Neymar មិនសូវបានបង្ហាញខ្លួនទេ ដោយបានរងរបួសដាច់សរសៃពួរជង្គង់ឆ្វេង និងត្រូវចំណាយពេលព្យាបាល១២ខែ ក្រោយបង្ហាញខ្លួនបានត្រឹមតែ៥ប្រកួតប៉ុណ្ណោះ នៅក្នុងខែតុលា ឆ្នាំ២០២៣។ លុះជាសះស្បើយ និងបានបង្ហាញត្រឹម២ប្រកួតជាមួយក្រុមនៅខែវិច្ឆិកាឆ្នាំ២០២៤ Neymar ក៏ជួបបញ្ហារបួសសាច់ដុំធ្ងន់ធ្ងរ ដោយបង្ខំឃ្លាតឆ្ងាយពីទីលានរយៈពេលយូរជាថ្មីម្តងទៀត មុនពេលឈានទៅដល់ការបញ្ចប់កុងត្រាជាមួយក្លិប Al-Hilal ហើយផ្លាស់ត្រលប់មកចូលរួមជាមួយក្លិប Santos វិញ។
សូមរំឮកថា Neymar បានចូលហ្វឹកហាត់បាល់ទាត់ជាមួយនឹងថ្នាលក្លិប Portuguesa Santista និង Santos មុនក្លាយជាកីឡាករអាជីពជាមួយក្រុមឈុតធំ Santos នៅឆ្នាំ២០០៩ ដោយបង្ហាញខ្លួនសរុប ២២៥ប្រកួត ស៊ុតបញ្ចូលទី១៣៦គ្រាប់ មុនផ្លាស់ទៅក្លិបអេស្ប៉ាញ Barcelona នៅឆ្នាំ ២០១៣៕