
ក្លិប Aston Villa នៅក្របខណ្ឌ Premier League បានធ្វើការប្រកាសថា ខ្សែប្រយុទ្ធ Jhon Duran បានចាកចេញហើយ ដើម្បីទៅចូលរួមក្លិប Al Nassr នៅក្របខណ្ឌ Saudi Pro League ។
សម្រាប់តម្លៃនៃការផ្លាស់ប្តូរ កីឡាករកូឡុំប៊ី មិនត្រូវបានភាគីណាមួយទម្លាយអោយដឹងនោះទេ ប៉ុន្តែប្រភពពីសារពត៌មានមួយចំនួននៅអង់គ្លេស បានរាយការណ៍ថា កិច្ចព្រមព្រៀងនោះអាចមានតម្លៃប្រមាណ៧១លានផោនឯណោះដោយបូករួមជាមួយថ្លៃចំណាយផ្សេងៗ។
នេះគឺជាការលក់កីឡាករចេញក្នុងតម្លៃខ្ពស់ជាលើកទី២ ដែល Aston Villa សម្រេចបាន បន្ទាប់ពីពួកគេបានលក់ខ្សែបម្រើ Jack Grealish ទៅកាន់ Manchester City ក្នុងតម្លៃដល់ទៅ ១០០លានផោន ក្នុងឆ្នាំ ២០២១។
Jhon Duran បានចូលរួមជាមួយ Aston Villa ដោយផ្លាស់មកពីក្លិបអាមេរិក Chicago Fire កាលពីឆ្នាំ២០២៣ ដោយបានបង្ហាញខ្លួន ៧៨ដង ស៊ុតបាន ២០គ្រាប់។
កាលពីខែកក្កដាកន្លងទៅ កីឡាករវ័យ២១ឆ្នាំបានខិតកៀកការផ្លាស់ទៅកាន់ ក្លិបរួមលីគ West Ham United ទៅហើយ បន្ទាប់ពីសាមីកីឡាករបានព្រមព្រៀងលក្ខខណ្ខផ្ទាល់ខ្លួន ដោយព្រមផ្លាស់ទៅក្នុងតម្លៃ ៣៥លានផោន ប៉ុន្តែការផ្ទេរក៏មិនបានកើតឡើងនោះទេ ដោយក្លិបទាំង២មិនបានឈានដល់ការយល់ព្រមគ្នា។
ការផ្លាស់ទៅកាន់ Al Nassr នេះមានន័យថា Jhon Duran នឹងបានបង្ហាញខ្លួនលេងជាមួយកំពូលកីឡាករលំដាប់ពិភពលោក ខ្សែប្រយុទ្ធព័រទុយហ្កាល់ Cristiano Ronaldo និង ខ្សែប្រយុទ្ធសេណេហ្គាល់ Sadio Mane ដែលកំពុងប្រកបជាមួយក្លិបនោះ៕