×

Man UTD ទិញបានខ្សែការពារ Patrick Dorgu ពី Lecce

ក្លិប Man UTD បានទទួលជោគជ័យក្នុងការនាំយកខ្សែការពារ Patrick Dorgu ពីក្លិបអ៊ីតាលី Lecce ដោយរូបគេបានចុះកុងត្រាជាមួយក្លិបរហូតដល់ឆ្នាំ ២០៣០។ នេះបើតាមការប្រកាសពីក្លិបនៅក្របខណ្ឌ Premier League។

សារពត៌មាននានានៅអង់គ្លេសបានរាយការណ៍ថាកិច្ចព្រមព្រៀងនាំយកកីឡាករដាណឺម៉ាក មានតម្លៃប្រមាណ ៣០លានអឺរ៉ូ បូករួមថ្លៃចំណាយផ្សេងៗ ៥លានអឺរ៉ូបន្ថែមទៀត។

ជាការពិត Man UTD បានដាក់ការចរចានាំយកកីឡាករអន្តរជាតិដាណឺម៉ាករូបនេះ តាំងពីសប្តាហ៍មុន ប៉ុន្តែបានបរាជ័យ។ យ៉ាងណា ក្លិបបិសាចក្រហម នៅតែបន្តការចរចា ជាមួយ Patrick Dorgu សាជាថ្មី ហើយការចរចាចុងក្រោយទទួលបានផ្លែផ្កាល្អ នឹងឈានដល់ការនាំយករូបគេមកកាន់កីឡដ្ឋាន Old Trafford បានសម្រេច។

ការចង់បានកីឡាករ វ័យ ២០ឆ្នាំ ដោយគ្រូបង្វឹក Man UTD លោក Ruben Amorim មានបំណងចង់ដោះស្រាយបញ្ហានៅតំបន់ការពារផ្នែកខាងឆ្វេងនៃក្រុមរបស់លោក។

លោក Ruben Amorim បានជាប់គាំងជាមួយ Diogo Dalot ជាជម្រើសដំបូង ទោះបីជាកីឡាករអន្តរជាតិព័រទុយហ្គាល់រូបនេះអាចលេងតំបន់ផ្នែកខាងស្តាំក៏ដោយ ។

Patrick Dorgu បានចូលរួមជាមួយក្លិប Lecce ក្នុងក្របខណ្ឌ Serie A ក្នុងនាមជាកីឡាករយុវជនក្នុងឆ្នាំ ២០២២ និងបានបង្ហាញខ្លួន ៥៧ លើកសម្រាប់ក្រុមនៅលីគកំពូលអ៊ីតាលីមួយនេះ។ រូបគេក៏បានបង្ហាញខ្លួនជាអន្តរជាតិលើកដំបូងក្នុងការប្រកួត UEFA Nations League ប៉ះជាមួយក្រុមស្វីសក្នុងខែកញ្ញា ហើយបានសរុបការលេងចំនួន៤ដងស៊ុតបាន១គ្រាប់ផងដែរ។

ដោយឡែក វាមិនត្រូវបានគេដឹងថា តើការមកដល់របស់ Patrick Dorgu នឹងបង្ខំអោយ Man UTD លក់កីឡាករជាច្រើនរូបចេញមុនថ្ងៃទី ៣០ ខែមិថុនា ដើម្បីអនុវត្តតាមច្បាប់ប្រាក់ចំណេញ និងនិរន្តរភាព PSR របស់ក្របខណ្ឌ Premier League ឬយ៉ាងណានោះទេ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង